ព័ត៌មានជាតិ

ទូតកម្ពុជានៅកូរ៉េជួបពិភាក្សា ជាមួយអាជ្ញាធរ នៅក្រុងនន់សាន់ ផ្តោតលើកិច្ចប្រតិបត្តិការ

ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំ សាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានជួបពិភាក្សាជាមួយអាជ្ញាធរ មានសមត្ថកិច្ចនៅក្រុងនន់សាន ខេត្តឈុងឆុងណាំដូ ប្រទេសកូរ៉េខាងត្បូងផ្តោត លើកិច្ចសហប្រតិបត្តិការ ជាពិសេសលើសុខសុវត្ថិភាពប្រជាពលរដ្ឋខ្មែរកំពុងធ្វើការនៅទីនោះ។

ក្នុងជំនួបដាច់ដោយឡែកពីគ្នា រវាងលោកឯកអគ្គរាជទូតកម្ពុជា ជាមួយអភិបាលក្រុងនន់សាន , ស្នងការក្រុងនន់សាន និងប្រធានមជ្ឈមណ្ឌល Nonsan Family Center ខេត្តឈុងឆុងណាំដូ ប្រទេសកូរ៉េកាលពីពេលថ្មីនេះ ទូតកម្ពុជា បានថ្លែងអំណរគុណ ចំពោះលោកអភិបាលក្រុងនន់សាន់ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាព របស់ពលករកម្ពុជាកំពុង បំរើការងារ និងរស់នៅក្នុងតំបន់នន់សាន់ ប្រមាណ១៧០០នាក់ ដែលជាចំនួនច្រើន ជាងគេប្រៀបទៅនឹងពលករប្រទេសដទៃទៀត ។ ឯកអគ្គរាជទូត បានស្នើសាលាក្រុងនន់សាន់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថានទូតក្នុងការផ្តល់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរក្សាឱ្យបានសុវត្ថិភាព និងដោះស្រាយបញ្ហាឱ្យទាន់ពេលវេលាជូនពលករកំពុងរស់នៅក្នុងតំបន់នេះ។

ដោយសំលឹងឃើញពីសក្តានុពលកសិកម្ម របស់ក្រុងនន់សាន់ ឯកអគ្គរាជទូតក៏បានស្នើឱ្យសាលាក្រុង នុនសាន់ពិចារណាភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រុងនន់សាន់ និងខេត្តក្រុងណាមួយរបស់ប្រទេសកម្ពុជា ពិសេសខេត្តបាត់ដំបងដែលជាខេត្តមួយដ៏ មានសក្តានុពលលើវិស័យកសិកម្ម។

លោក ឃួន ផុនរតនៈ ក៏បានអញ្ជើញលោកអភិបាលក្រុងបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឱកាសសមស្របណាមួយ។ ជាការឆ្លើយតប អភិបាលក្រុង នឹងអញ្ជើញទៅទស្សនាកម្ពុជាក្នុងឱកាសណាមួយក្នុងពេលខាងមុខ។

សម្រាប់ជំនួបការងារជាមួយលោក Yeo Sang-bong ស្នងការក្រុងនន់សាន លោក ឃួន ផុនរតនៈ ក៏មិនភ្លេចថ្លែងអំណរគុណទៅដល់ស្នងការ ដែលតែងតែយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសុវត្ថិភាពជូនពលករខ្មែរ និងសហគមន៍ខ្មែរនៅតំបន់នន់សានកន្លងមក។

ចំណែកក្នុងជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Kim Seongsu ប្រធានមជ្ឈមណ្ឌល Nonsan Family Center តំបន់នួនសាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណដល់លោកប្រធាន មជ្ឈមណ្ឌលដែលតែងតែជួយយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ពលករខ្មែរ និងសហគមន៍ខ្មែរ។ ក្នុងជំនួប ភាគីទាំងពីរក៏បានពិភាក្សា អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតកម្ពុជា និងមជ្ឈមណ្ឌលដោយផ្តោត លើការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក , ការរៀបចំកម្មវិធីវប្បធម៌ ការពិនិត្យសុខភាពដោយឥតគិតថ្លៃ , ការផ្តល់សេវាសាធារណៈ និងប្រឹក្សាការងារចល័តរបស់ស្ថានទូត និងការផ្សព្វផ្សាយច្បាប់ការងារថ្មីៗរបស់កូរ៉េ ក៏ដូចជាការបន្តសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរឱ្យកាន់តែមានប្រសិទ្ធភាព និងចំណេញពេលវេលា ៕

To Top