កម្ពុជា-ចិនធ្វើបាឋកថាស្តីពី “ប្រទេសចិន ក្នុងនិឃាទរដូវ ផែនការ៥ឆ្នាំលើកទី១៥” បន្ថែមកម្លាំងដល់ កិច្ចកសាងសហគមន៍ ជោគវាសនារួម ក្នុងយុគសម័យថ្មី
ភ្នំពេញ ៖ រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បាឋកថាសំខាន់មួយក្រោមប្រធានបទ “ប្រទេសចិនក្នុងនិឃាទរដូវ ផែនការ៥ឆ្នាំលើកទី១៥ បន្ថែមកម្លាំងដល់កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី” ត្រូវបានរៀបចំឡើង ដោយសមាគមមិត្តភាពកម្ពុជា–ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន និងវិទ្យុមិត្តភាព កម្ពុជា–ចិន។ គោលបំណងពង្រឹង ការយល់ដឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន នៅក្នុងបរិបទនៃការអភិវឌ្ឍ សកល និងផែនការយុទ្ធសាស្ត្រថ្មី របស់ប្រទេសចិន ។

អ្នកចូលរួមមកពី តំណាងស្ថាប័ន សំខាន់ៗជាច្រើនរួមមាន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា អគ្គលេខាធិការដ្ឋានក្រុម ប្រឹក្សាធម្មនុញ្ញ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងតំណាងមកពី គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមអ.ម.ត និងសាកល វិទ្យាល័យទួនហ្វា ។

លោក Shen Haixiong (សិន ហៃស្យុង ) អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោកសាស្ត្រាចារ្យ Li Zhi (លី ជី )អ្នកស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវផែនការអភិវឌ្ឍប្រទេសចិននៃសាកល វិទ្យាល័យ Tsinghua បានបង្ហាញអំពីផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិន ។ លោកទាំងពីរក៏បានរំលេចថា ផែនការនេះមានតួនាទីសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់ ការច្នៃប្រឌិតបច្ចេកវិទ្យា និងការចូលរួមយ៉ាងសកម្ម ក្នុងចរន្តសេដ្ឋកិច្ចសកល ។ លើសពីនេះ លោកទាំងពីរ ក៏បានយល់ស្របថា ផែនការនេះ ក៏ជាកូនសោរគន្លឹះ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាមិត្ត រួមទាំងកម្ពុជា ។

ក្នុងអង្គពិធី វាគ្មិនកម្ពុជាចំនួន២រូប គឺលោកបណ្ឌិត ជា មុនីឫទ្ធិ និងលោកបណ្ឌិត កៅ មុយថង បានលើកឡើងពី សារៈសំខាន់នៃកិច្ចកសាង «សហគមន៍ជោគវាសនារួមកម្ពុជា–ចិន»។ លោកទាំងពីរបានគូសបញ្ជាក់ថា កិច្ចសហ ប្រតិបត្តិការរវាងប្រទេសយើង ទាំងពីរ កម្ពុជានិងចិន ដែលបានអភិវឌ្ឍយ៉ាងរឹងមាំ លើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការអប់រំ ហើយ កំពុងបន្តឆ្ពោះទៅរកភាពរឹងមាំ និងចីរភាពកាន់តែខ្លាំង ។ វាគ្មិនកម្ពុជាទាំង២រូប ក៏បានលើកទឹកចិត្ត ឱ្យប្រទេស យើងទាំងពីរបន្តពង្រឹងការយល់ដឹង និងការជឿទុកចិត្តគ្នា ដើម្បីសម្រេចគោលដៅ រួមក្នុងយុគសម័យថ្មី។

ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានថ្លែងថា បាឋកថានេះមិនត្រឹមតែជាវេទិកាផ្សព្វផ្សាយចំណេះដឹងអំពីគោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាច្រកសំខាន់មួយក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា–ចិនឱ្យកាន់តែជិតស្និទ្ធ ដែលជាពិសេស បាឋកថានេះបានបង្ហាញថា ផែនការ៥ឆ្នាំលើកទី១៥របស់ចិន និងគំនិតកសាងសហគមន៍ ជោគវាសនារួម គឺជាមូលដ្ឋានសំខាន់សម្រាប់ ការអភិវឌ្ឍរួមគ្នាក្នុងយុគសម័យថ្មី។ ឯកឧត្តមមានសុទិដ្ឋិនិយម ស្របជាមួយគោលគំនិត ទាំងមូលរបស់អង្គពិធី ដែលបានឯកភាពគ្នាថា បាឋកថានេះបាន បង្ហាញយ៉ាងច្បាស់អំពី តួនាទីរបស់ប្រទេសចិន ក្នុងការជំរុញសេដ្ឋកិច្ចសកល និងសារៈសំខាន់នៃការបន្តពង្រឹង សហគមន៍ជោគវាសនា រួមកម្ពុជា–ចិន ដើម្បីសម្រេចបាននូវអនាគតដែលមានភាពរុងរឿង និងចីរភាពសម្រាប់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន៕



