លោក Modi និងលោក Trump ពិភាក្សាគ្នាដំណើរការចរាចរ នៅបញ្ហាច្រកសមុទ្រ Hormuz
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយកាលពីថ្ងៃអង្គារថា លោក និងប្រធានាធិបតី អាមេរិក Donald Trump បានពិភាក្សាគ្នាតាមទូរស័ព្ទ អំពីស្ថានភាពដែលកំពុងកើតមាននៅមជ្ឈិមបូព៌ា និងសារៈសំខាន់ នៃការរក្សាច្រកសមុទ្រ Hormuz ព្រមទាំងការបើកចំហច្រក នេះឡើងវិញផងដែរ។
លោក Modi បានសរសេរនៅ លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការសន្ទនាថាគាត់និង Trump មានកិច្ចសន្ទនាគ្នានិងការផ្លាស់ប្តូរទស្សនៈ ដ៏មានប្រយោជន៍លើស្ថានភាពមជ្ឈិមបូព៌ា។
លោក Modi បានសរសេរថា ៖ឥណ្ឌាគាំទ្រការបន្ថយការកើនឡើង និងការស្ដារឡើងវិញនូវសន្តិភាពឱ្យបានឆាប់បំផុត។ ការធានាថាច្រកសមុទ្រ Hormuz នៅតែបើកចំហ សុវត្ថិភាព និងអាចចូលដំណើរការបានគឺ ចាំបាច់សម្រាប់ពិភពលោកទាំងមូល ។ យើងបានយល់ព្រមរក្សាទំនាក់ទំនងទាក់ទង នឹងកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពឡើងវិញ។
មុននេះឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសឥណ្ឌាលោក Sergio Gor បានបញ្ជាក់ពីការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអង្គាររវាងមេដឹកនាំទាំងពីរដោយនិយាយថាពួកគេបាន ពិភាក្សាអំពីស្ថានភាពដែលកំពុងបន្តនៅមជ្ឈិមបូព៌ា រួមទាំងសារៈសំខាន់នៃការរក្សាច្រកសមុទ្រ Hormuz ដោយបើកចំហ។
ដោយឡែកពីគ្នានោះ លោក Modi នៅថ្ងៃទី២១ខែមីនា ក៏បាននិយាយជាមួយប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian អំពីការអភិវឌ្ឍន៍ក្នុងតំបន់ ដែលលោកបានរំលឹកឡើងវិញពីសារៈសំខាន់នៃការការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងធានាថាផ្លូវដឹកជញ្ជូននៅតែបើកចំហ និងមានសុវត្ថិភាព៕
ប្រែសម្រួល៖ស៊ុនលី
