ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវគ្រប់ស្ថាប័ន ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវគ្រប់ក្រសួងស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ ដៃគូអភិវឌ្ឍ និងវិស័យឯកជន គាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា «យើងអាចវិនិយោគរយៈពេលវែងលើការអប់រំ ការស្រាវជ្រាវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានលុះត្រាតែប្រទេសយើងមានសន្តិភាព ស្ថិរភាព នីតិរដ្ឋ និងអភិបាលកិច្ចស្ថាប័ន ប្រកបដោយប្រសិទ្ធភាព»។

សម្ដេចធិបតី បន្ដថា គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគ្រប់គោលនយោបាយជាតិរបស់កម្ពុជា បានកសាងឡើងដើម្បីជំរុញ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានឱកាសរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងទាមទារឱ្យមានការ ចូលរួមចំណែកពី ពលរដ្ឋគ្រប់រូប គ្រប់វ័យ គ្រប់ភេទ ជាពិសេសការបង្កើន និស្សិតបញ្ចប់ការសិក្សា លើជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ក្នុងដំណើរការអភិវឌ្ឍ និងជំរុញ នវានុវត្តន៍ជាតិប្រកបដោយភាពធន់ និងភាពប្រកួតប្រជែង។

សម្ដេចធិបតី បន្ថែមថា បច្ចេកវិទ្យា និងគំរូអាជីវកម្ម ថ្មីៗ ត្រូវជួយបង្កើតការងារ បង្កើនផលិតភាព គុណភាព និងតម្លៃបន្ថែមដល់ផលិតផលនិង សេវាកម្មលើគ្រប់វិស័យ ព្រមទាំងត្រូវគិតគូរពីនវានុវត្តន៍ឧស្សាហកម្ម និងការការពារបរិស្ថាន និងសហគមន៍។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ ដៃគូអភិវឌ្ឍ និង វិស័យឯកជនទាំងអស់ គាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងចូលរួមបណ្តុះវប្បធម៌ នវានុវត្តន៍ក្នុងគ្រប់រូបភាព នៃកិច្ចការងារ និង ជីវភាពប្រចាំថ្ងៃ ដើម្បីរួមគ្នាកសាងប្រព័ន្ធ នវានុវត្តន៍ជាតិ មួយប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព ស្របតាមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ»៕

To Top