ព័ត៌មានជាតិ

អតីតពលករខ្មែរត្រឡប់ពីថៃ ៦៥ម៉ឺននាក់ ទទួលបានឱកាសការងារ ខណៈរាជរដ្ឋាភិបាល​កំពុង​បន្តផ្សព្វ​ផ្សាយ​ឱកាស​ការ​ងារ​រាប់ម៉ឺនកន្លែង

ភ្នំពេញ៖ អតីតពលករខ្មែរ ដែល​បានវិល​ត្រឡប់​មកពី​ប្រទេស​ថៃ ប្រមាណជាង ៦៥ម៉ឺននាក់ក្នុងចំណោមជាង ៨០ម៉ឺន​នាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺន​នាក់ ​កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួល​បានឱកាស​ការ​ងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់។

ការលើកឡើងរបស់លោក ស៊ុន មេសា អ្នកនាំពាក្យ​ក្រ​សួ​ង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ នៅក្នុង​អំឡុង​ពេលចុះសួរសុខទុក្ខអតីត​ពលករ​ខ្មែ​រដែល​ទទួល​បាន​ឱកាសការងារក្នុងរោងចក្រកាត់ដេរ ស្ថិតនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។

លោក ស៊ុន មេសា បានថ្លែងថា៖«គិត​មកដល់​ពេល​នេះ មាន​ប្រជា​ពលរដ្ឋ និងអតីត​ពលករ​ខ្មែរ​ប្រមាណ​ជាង ៩៥ម៉ឺន​នាក់ បានវិល​ត្រឡប់​មក​ពីប្រទេ​សថៃ ដោយ​សារ​បញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំ​២០២៥​កន្លង​ទៅ​»។

លោកបន្តថា៖«នៅក្នុងចំណោមជាង ៩៥ម៉ឺននាក់នេះ មានអតីតពលករប្រមាណជាង ៨០ម៉ឺននាក់ ដោយក្នុងនោះអ្នកទទួលបានឱកាសការងារជាង ៦៥ម៉ឺន​នាក់ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបាន​ឱកាសការងារនៅ​ក្រៅប្រព័ន្ធ​ប្រមាណ​ជាង ៣២ម៉ឺននាក់»។

ក្រោយពីការ​វិល​ត្រឡប់យ៉ាង​គំហុករបស់ពលករខ្មែរពី​ប្រទេ​សថៃ ក្រសួង​ការ​ងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ដាក់​ចេញនូវយន្ត​ការ​សំខាន់ៗ​ជាច្រើន ដើម្បី​ធានា​ក្នុង​ការផ្ដល់ឱកាសការងារជូនអតីតពលករខ្មែរ។ ក្នុង​ចំណោ​មយន្ត​ការសំខាន់​នោះ ក្រសួងបាន​រៀបចំ​វេទិ​កា​ការងារសរុបជាង ៦០០លើក និងពិព័ណ៍ការងារ​ចល័ត​តាម​មូលដ្ឋានប្រមាណជាង ១ ០០០លើក ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ឱកា​សការងារ អត្ថប្រ​យោជន៍នៃរបបសន្ដិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និង​វិជ្ជា​ជីវៈ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។

បន្ថែមពីលើនេះ អ្នកនាំ​ពាក្យ​ថា វេទិកា​ការងារ ត្រូវ​បាន​រៀប​​ចំយ៉ាងផុសផុលនៅ​តាមខេត្ត​គោល​ដៅដែល​មាន​អតីតព​លករច្រើនជាងគេដូចជា ខេត្តបាត់ដំបង បន្ទាយ​មានជ័យ ពោធិ៍សាត់ សៀមរាប និងខេត្តមួយចំនួនទៀត ដើម្បីផ្សព្វ​ផ្សាយឱកាសការងារតាមរយៈការនាំក្រុមហ៊ុន រោងចក្រ សហគ្រាស​ដែលមានត​ម្រូវការកម្លាំង​ពលកម្ម​ចុះ​ទៅជាមួយដែរ។

សម្រាប់លោក សំ សឿន ប្រធានសហភាពព​លកម្ម​ជាតិ​កម្ពុជា​បានថ្លែងថា លោកគាំទ្រ​ចំណាត់​ការរបស់​រា​ជរ​ដ្ឋា​ភិ​បា​ល ដែលបានដោះស្រាយ​បញ្ហាពល​ករខ្មែរវិល​ត្រឡប់​មកពី​ប្រទេស​ថៃបាន​ទាន់ពេលវេលា។ យន្តការរបស់​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​មានប្រសិទ្ធ​ភាព​ខ្ពស់​ក្នុងការផ្ដល់ឱកាស​ការងារជូនបង​ប្អូនពលករ​ឱ្យមាន​ប្រាក់ចំណូលឡើងវិញ។

លោកបន្តថា ពលករខ្មែរដែលវិល ត្រឡប់មកពីប្រទេសថៃ ទទួលបានឱកាសការងារច្រើន ក្នុងវិស័យវាយនភណ្ឌកាត់ដេរ។ ពួកគាត់មានការតាំងចិត្តខ្ពស់ក្នុងការខិតខំប្រឹង​ប្រែងបំពេញ ​ការងារបានយ៉ាង​ល្អមិនខុស ពីបង​ប្អូនកម្មករ​ដទៃ​ទៀត​នោះ​ទេ។

ថ្នាក់ដឹកនាំសហ​ជីពបញ្ជាក់ថា៖«បង​ប្អូនពលករ​យើង​ ដែល​ទើប​ត្រឡប់​មកពីប្រទេ​សថៃ​ មាន​ចំនួន​ច្រើន ដែល​ទទួល​បាន​ការងារ​នៅក្នុង​វិស័យ​វាយន​ភណ្ឌ​កាត់​ដេរ។ បើ​ទោះ​បីជា​កន្លង​មក ពួកគាត់មិនមាន​ជំនាញ​ជាក់​លាក់​ទាក់​ទងវិស័យ​នេះ​ក៏ដោយ គឺពួកគាត់ខិតខំប្រឹ​ងប្រែង​ បំពេ​ញ​ការ​ងារ​​បាន​យ៉ាង​ល្អ គឺធ្វើការងារ​ពួកគាត់​អត់​ខុស​ពី​បង​ប្អូនកម្មករយើងដទៃទៀតទេ គឺពួកគាត់​បំពេញ​ការ​ងារ​បានល្អ»៕

To Top