ព័ត៌មានអន្តរជាតិ

មន្ត្រីយូអិនលើកឡើងថា ពិភពលោកកំពុងជួបបទពិសោធ នៃសកម្មភាពហិង្សា ដ៏អាក្រក់មិនធ្លាប់មានតាំង ពីសង្គ្រាមលោកទី២

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថាបច្ចុប្បន្នពិភពលោកកំពុងជួបប្រទះ នូវរយៈពេលដ៏ហិង្សាបំផុតរបស់ខ្លួនចាប់តាំង ពីសង្គ្រាមលោកលើកទី២ ខណៈដែលការកើនឡើង នៅមជ្ឈិមបូព៌ានៅតែបន្តមាន ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ជនស៊ីវិល និងជីវភាពរស់នៅជាមួយនឹងផលប៉ះពាល់ជាសកល។

លោក Jorge Moreira da Silva នាយកប្រតិបត្តិនៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា៖ ពិភពលោករបស់យើងមានអំពើហិង្សា បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

លោកបាននិយាយថា ជម្លោះដ៏បំផ្លិចបំផ្លាញនៅមជ្ឈិមបូព៌ា បានឆ្លងព្រំដែន ធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ ចំពេលមានការឡើងថ្លៃនៃប្រេង ឥន្ធនៈ និងឧស្ម័នផង។

លោកបានគូសបញ្ជាក់ថា ប្រទេសកំពុង អភិវឌ្ឍន៍នៅអាស៊ី និងអាហ្រ្វិក ទំនងជាទទួលរង នូវផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ហើយចំនួនប្រជាជនដែលរស់នៅក្នុងភាពអត់ឃ្លានទូទាំងពិភពលោក ទំនងជាកើនឡើង រាប់សិបលាននាក់នៅឆ្នាំនេះ។

យ៉ាងណាក្តីលោកបានជំរុញឱ្យភាគីទាំងអស់អនុវត្តរាល់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបញ្ចប់ភាពចលាចល និងការឈឺចាប់របស់ប្រជាជននេះ តាមរយៈដំណោះស្រាយការទូត និងសន្តិភាព៕

ប្រែសម្រួល៖ស៊ុនលី

To Top