ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ នឹងខិតខំកែលម្អ និងពង្រឹងវិស័យមុខងារ សាធារណៈកម្ពុជា

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ នឹងបន្តប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងគោលបំណងកែលម្អ និងពង្រឹងវិស័យមុខងារ សាធារណៈកម្ពុជា ។

បើតាមការផ្សព្វផ្សាយរបស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦” របស់ក្រសួង។

ក្នុងសន្និបាតនេះបានរំលេចថា ក្នុងឆ្នាំ២០២៥ ក្រសួងមុខងារក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដោយសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនគួរជាទីមោទនៈ ។

លទ្ធផលសម្រេចបាននោះរួមមាន ៖ ការជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព , ការរៀបចំ និងកែលម្អរចនាសម្ព័ន្ធក្រសួង ស្ថាប័ន តាមរយៈការអនុវត្តការវិភាគមុខងារ និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការស៊ីវិល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល , ការពង្រឹងការគ្រប់គ្រង , ការវិវឌ្ឍអាជីពរបស់មន្ត្រីរាជការនិងការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន , ការកែលម្អការផ្តល់សេវាសាធារណៈ , ការកែទម្រង់ប្រព័ន្ធបៀវត្ស និងការលើកកម្ពស់កិច្ច សហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ រួមទាំងជាមួយដៃគូអភិវឌ្ឍន៍នានាជាដើម។

ផ្អែកលើទិសដៅការងារដែលបានកំណត់ ក្រសួងមុខងារសាធារណៈ នឹងបន្តប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បី សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងគោលបំណងកែលម្អ និងពង្រឹងវិស័យមុខងារសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅនឹងការវិវឌ្ឍនៃសង្គមសេដ្ឋកិច្ច និងនយោបាយក្នុងប្រទេស និងសកលលោក។ ក្នុងន័យនេះ រដ្ឋបាលសាធារណៈកម្ពុជា នឹងត្រូវប្រែក្លាយឱ្យកាន់តែមានភាពទំនើប ធន់ ខ្លាំង វៃឆ្លាត គុណភាព ស្អាតស្អំ វិជ្ជាជីវៈ និងមានប្រសិទ្ធភាពក្នុងការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ៕

To Top