តបតាមសំណើរទូតកម្ពុជា សាកលវិទ្យាល័យជុងវ៉ុន សម្រេចផ្តល់អាហាររូបករណ៍បន្ថែមដល់កម្ពុជា
ភ្នំពេញ ៖ ចំពោះសំណើរបស់លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ស្នើពិចារណាផ្តល់ចំនួន អាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជុងវ៉ុន របស់កូរ៉េខាងត្បូង បានសន្យាយល់ព្រម ។

សំណើរបស់លោក ឃួន ផុនរតនៈ នេះ ក្នុងជំនួប សម្តែងការគួរសម និងសំណេះសំណាលការងារ ជាមួយក្រុមគណៈប្រតិភូនៃសាកលវិទ្យាល័យជុងវ៉ុន (Jungwon University) ដឹកនាំដោយលោកបណ្ឌិត JANG Kiwon សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជុងវ៉ុន នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ។

ក្នុងជំនួបនោះ ឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃវិស័យអប់រំសម្រាប់ប្រទេសកម្ពុជា ដែលកម្ពុជាបានយកប្រទេសកូរ៉េជាគំរូក្នុងការអភិវឌ្ឍ ពិសេសការអប់រំដែលជា វិស័យគន្លឹះក្នុងការផ្សារ ភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន។

លោកក៏បានថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ។ ដោយក៏បានស្នើលោក JANG ពិចារណារផ្តល់ចំនួនអាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជាលើវគ្គជំនាញ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងវគ្គសិក្សាខ្លីជាដើម ។
ជាកិច្ចឆ្លើយតប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជុងវ៉ុន បានឯកភាព នឹងសំណើរបស់ ឯកអគ្គរាជទូតកម្ពុជា ក្នុងការបន្ថែមចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា និងបានថ្លែងអំណរគុណដល់ស្ថានទូត ដែលបានភ្ជាប់ទំនាក់ទំនង រវាងសាកលវិទ្យាល័យ និងក្រសួងសំខាន់ ៗចំនួន ៣ របស់ប្រទេសកម្ពុជានាពេលកន្លងមក។

ជាមួយគ្នានេះ លោក JANG ក៏បានបង្ហាញ ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងស្ថានទូត និងសាកលវិទ្យាល័យផងដែរ៕

