ទណ្ឌិត និងពិរុទ្ធជន ផុតអាជ្ញាយុកាល នៃបណ្តឹង ២២៤នាក់ ត្រូវបានផ្ទេរទៅឃុំបន្ត នៅមណ្ឌលអប់រំកែប្រែ ៣គោលដៅ ដើម្បីរំដោះភាពចង្អៀតណែន
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានទណ្ឌិត និងពិរុទ្ធជនផុតអាជ្ញាយុកាលនៃបណ្តឹង ចំនួន ២២៤នាក់ ស្រី ១៦នាក់ ត្រូវបានផ្ទេរទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែចំនួន ៣ គោលដៅ ដើម្បីរំដោះភាពចង្អៀតណែន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី២៥ មីនា ថា ការផ្ទេរនេះ ធ្វើឡើងដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អង្គភាពពន្ធនាគារ ខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំង នាយកដ្ឋានសន្តិសុខ ពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ នាយកដ្ឋានប្រតិបត្តិ និងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកជញ្ជូនទណ្ឌិត និងពិរុទ្ធជនផុតអាជ្ញាយុកាល នៃបណ្តឹងចំនួន ២២៤នាក់ ស្រី ១៦នាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខ ពន្ធនាគារ ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែចំនួន ០៣គោលដៅ ដើម្បីរំដោះភាពចង្អៀតណែន។

គោលដៅទាំង៣ នោះ រួមមាន ៖ ១. មណ្ឌលអប់រំកែប្រែទី១(ព្រៃស) ចំនួន ០១នាក់(ប្រុស) ជនជាតិ រុស្ស៊ី ២. មណ្ឌលអប់រំកែប្រែទី២(ម២) ចំនួន ១៦នាក់(ស្រី) ជនជាតិបរទេសចំនួន ០៥នាក់ ៣. មណ្ឌលអប់រំកែប្រែទី៤ (ម៤)ក្រវ៉ាញ ខេត្តពោធិ៍សាត់ចំនួន ២០៧ នាក់ ជនជាតិបរទេសចំនួន ១៧ នាក់៕

