លោក គន់ គីម ៖ ក្រុមប្រឆាំងមិនដែល នៅជាមួយពលរដ្ឋពេលលំបាក ទើបរិះគន់លើផ្ទះបណ្តោះអាសន្ន
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា ក្រុមប្រឆាំងនៅក្រៅប្រទេសមិនដែលរួមរស់នៅជាមួយប្រជាពលរដ្ឋ ក្នុងគ្រាលំបាក ទើបបានជានាំគ្នារិះគន់ លើការកសាងផ្ទះបណ្តោះអាសន្ន ជូនជនភៀសសឹក ។

មួយរយៈចុងក្រោយនេះ ក្រុមប្រឆាំងខាងក្រៅប្រទេស រួមជាមួយនឹងរដ្ឋាភិបាលខុសច្បាប់ ហាក់កំពុងបញ្ចេញយុទ្ធនាការយ៉ាងសកម្ម ទៅលើផ្ទះបណ្តោះអាសន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំជូនដល់ជនភៀសសឹក ដែលត្រូវបានប្រទេសឈ្លានពានកំពុងកាន់កាប់ ដែលមិនអាចឱ្យពួកគាត់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនបាន ។
ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍តបថា ការធ្វើផ្ទះបណ្តោះអាសន្នសម្រាប់ជនភៀសសឹក គឺជាការគិតគូរលើជីវិតប្រជាជនខ្មែរ លើជីវភាព ស្ថេរភាពនៃសេចក្តីសុខផ្លូវចិត្ត ដែលជាការបញ្ជាក់ជំហរបស់រាជរដ្ឋាភិបាល មិនបោះបង់ប្រជាជនណាម្នាក់ក្នុងគ្រាលំបាកឡើយ ។
លោកមានប្រសាសន៍ថា “ខ្ញុំមិនឆ្ងល់ទេ ថាហេតុអ្វីពួកគាត់តែងមានមតិរិះគន់ ឬចោទប្រកាន់រាជរដ្ឋាភិបាល ព្រោះពួកគាត់ក៏មិនដែលបានធ្វើអ្វីក្រៅពីនេះ ហើយពួកគាត់ក៏មិនមែនជាអ្នកនៅផ្ទាល់ជាមួយប្រជាជនខ្មែរយើងដែលកំពុងលំបាកវេទនា បាត់បង់ផ្ទះសម្បែង ត្រូវរស់នៅដោយលំបាករត់គេចពីភ្លើងសង្គ្រាម ត្រូវរស់នៅក្នុងជំរំភៀសសឹកជុំគ្នា ក្រោមដំបូលតង់តូច ក្តៅផង រងារផង លំបាកបន្ទប់ទឹកផង និងបរិស្ថានមិនសមរម្យផង តែដើម្បីរក្សាជីវិត បងប្អូនខ្មែរយើងង គ្មានជម្រើសនោះទេ”។

លោកគន់ គីម មានប្រសាសន៍ថា ក្រុមប្រឆាំងតែងតែរិះគន់ និងចោទប្រកាន់រាជរដ្ឋាភិបាលដើម្បីកេងចំណេញខាងនយោបាយរបស់ខ្លួន ។ លោកបញ្ជាក់ថា ការធ្វើផ្ទះបណ្តោះអាសន្ន គឺជាការគិតគូរលើជីវិតប្រជាជនខ្មែរ ពិសេសលើស្ថេរភាព នៃសេចក្តីសុខផ្លូវចិត្ត ពិសេសបញ្ជាក់ជំហ របស់រាជរដ្ឋាភិបាលមិនបោះបង់ ប្រជាជនណាម្នាក់ក្នុងគ្រាលំបាក។ ដូចនេះអ្វីដែលរាជរដ្ឋភិបាលត្រូវធ្វើ គឺជួយប្រជាជនខ្មែរជាប់ជានិច្ច ហើយភារកិច្ចអាទិភាពមួយទៀត គឺប្រឹងប្រែងគ្រប់មធ្យោបាយក្នុងការការពារទឹកដីខ្មែរ ទោះមិនសូវបង្ហាញមែន ប៉ុន្តែមិនដែលស្ងៀមនោះទេ។
សម្រាប់ផ្ទះផ្ទះបណ្តោះអាសន្ននេះ ត្រូវបានលោកសង្កត់ធ្ងន់ថា ផ្ទះនេះចែកជូនដោយមិនមានប័ណ្ណកម្មសិទ្ធទេ តែជាការស្នាក់នៅបណ្តោះអាសន្ន ដែលអាចមានរយៈពេលវែងទៅតាមសភាពការណ៍ជាក់ស្តែងនៃការវិវត្ត ព្រោះទាំងអស់គ្នាដឹងច្បាស់ថា សង្គ្រាមនេះ មិនងាយនឹងបញ្ចប់នោះទេ ។ ផ្ទះបណ្តោះអាសន្ននេះ ក៏មិនត្រឹមតែជាផ្ទះទេ តែជាកន្លែងផ្តល់ការរស់នៅសមរម្យសម្រាប់ជនភៀសសឹកដែលល្អជាងទុកពួកគាត់រស់នៅក្រោមដំបូលតង់ ជុំគ្នាលំបាកគ្រប់បែបយ៉ាង ៕
