ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ៖ ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា បានកើនឡើង៨០%

ស្វាយរៀង ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខណ្ឌនៅទូទាំងប្រទេសបានកើនឡើង ៨០% ពីប្រមាណ ៣០៩លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦លានម៉ែត្រគូបក្នុងឆ្នាំ២០២៥ ។

ការឱ្យដឹងរបស់ លោករដ្ឋមន្ដ្រី ហែម វណ្ណឌី នាឱកាសអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

លោករដ្ឋមន្ដ្រី បន្ដថា កម្ពុជាបាននិងកំពុងទទួលការគាំទ្រជាជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទានជាបន្តបន្ទាប់ ដើម្បីរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលមានសមត្ថភាពផ្ដល់សេវាប្រកបដោយនិរន្តរភាព និងគុណភាព សម្រាប់ប្រជាជន និងតំបន់រោងចក្រ សហគ្រាស អាជីវកម្ម នៅតាមបណ្តារាជធានី-ខេត្ត។

លោក រដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ជាលទ្ធផលការផ្គត់ផ្គង់ទឹកស្អាតក្នុងក្របខណ្ឌនៅទូទាំងប្រទេសបានកើនឡើង ៨០% ពីប្រមាណ ៣០៩លានម៉ែត្រគូប ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦លានម៉ែត្រគូបក្នុងឆ្នាំ២០២៥។ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងទ្វេដងពី ៧៨ម៉ឺនគ្រួសារក្នុងឆ្នាំ២០១៨ ដល់ជាង ១,៥៧ លានគ្រួសារក្នុងឆ្នាំ២០២៥»៕

To Top