ព័ត៌មានជាតិ

កម្ពុជា ស្នើអឺរ៉ុប បន្តគាំទ្រការបោសសម្អាត យុទ្ធភណ្ឌគ្រឿងផ្ទុះ បន្សល់ទុកដោយយោធាថៃ

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ស្នើសហភាពអឺរ៉ុប បន្តគាំទ្រចក្ខុវិស័យ ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសគាំទ្រ បោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ បន្សល់ទុកដោយយោធាថៃ។

ការស្នើរបស់ លោកបណ្ឌិត លី ធុជ នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូ និងគ្រប់គ្រងវិបត្តិ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូ ដើម្បីផ្លាស់ប្តូរយោបល់ពី ស្ថានភាពព្រំដែន និងការគាំទ្រកិច្ចការបោសសម្អាតមីន នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។

ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ចំពោះភាពជាដៃគូយូរអង្វែង ក្នុងកិច្ចខិតខំប្រឹងប្រែង សកម្មភាពមីនរបស់កម្ពុជា ក៏ដូចជា គាំទ្រកម្ពុជាក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កាលពីឆ្នាំ២០២៤ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះការបន្តប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុបក្នុងការគាំទ្រពិភពលោកមួយដែលគ្មានមីន។

ជាមួយគ្នានោះ លោកបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រហូតទទួលបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ជាប្រទេសឈានមុខគេក្នុងកិច្ចការបោសសម្អាតមីន។

ជាមួយនឹងសមិទ្ធផលទាំងនេះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងនូវបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានភាពស្មុគស្មាញ និងមានផលប៉ះពាល់ខ្លាំង ក៏ដូចជាបានបន្សល់ទុកបន្ថែមដោយកម្លាំងយោធាថៃ កាលពីសង្រ្គាមកម្ពុជា-ថៃ ពីរលើកក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។

ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ លោកទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ ជូនគណៈប្រតិភូសហភាពអឺរ៉ុប ពីយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យ ច្បាស់លាស់ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះសង្រ្គាម។

ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា លោកបណ្ឌិត លី ធុជ បានស្នើសុំឱ្យសហភាពអឺរ៉ុប បន្តគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគាំទ្រដល់ការបោសសម្អាតមីនដែលទើបស្រាវជ្រាវរកឃើញថ្មី និងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបន្សល់ក្នុងសង្រ្គាមកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក Cosmin Dobran បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផែនការ សកម្មភាពសៀមរាប-អង្គរ ឆ្ពោះទៅរកពិភពលោកមួយគ្មានមីន ដែលកម្ពុជាធ្វើជាប្រធាននិងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ២០២៤។ លោក បន្តទៀតថា សហភាពអឺរ៉ុប នឹងបន្តការប្តេជ្ញាចិត្តគាំទ្រដល់កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ផងដែរ៕

To Top