ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងសប្ដាហ៍ទី៣ ខែមីនា គិតមកត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបករណីល្បែងស៊ីសង៥ករណី ឃាត់ខ្លួនមនុស្ស២០នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
ករណីល្បែងស៊ីសងទាំងនោះ បើធៀបទៅនឹងសប្ដាហ៍ទី២ បានថយចុះ១ករណី និង១៣នាក់។ តាមរបាយការណ៍ដដែល ករណីល្បែងស៊ីដែលសមត្ថកិច្ចបង្ក្រាបបាន មានក្នុងភូមិសាស្ត្រដូចជា រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ព្រះសីហនុ និងខេត្តឧត្តរមានជ័យ។
ក្នុងខែកុម្ភៈកន្លងទៅនេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ ខណៈមួយចំនួនទៀតបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។
សូមរំលឹកថា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានក្រើនរំលឹកជាប្រចាំឱ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ក្រាប លើគ្រប់ករណីប្រព្រឹត្តល្បែងស៊ីសង រួមទាំងល្បែងភ្នាល់តាមអនឡាញ ដែលជ្រកពួនតាមសហគមន៍ពលរដ្ឋ៕
