អ្នកនាំពាក្យកិច្ចការ ព្រំដែនកម្ពុជា ៖ សំណើភាគីថៃ លុប MOU ឆ្នាំ២០០០ គ្មានមូលដ្ឋាន និងផ្ទុយច្បាប់អន្តរជាតិ
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានលើកឡើងថា ចំពោះសំណើ លុប MOU ឆ្នាំ២០០០ ជាមួយកម្ពុជា ដោយគណៈកម្មាធិការ ចំពោះកិច្ចព្រឹទ្ធសភាថៃ ធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងផ្ទុយច្បាប់អន្តរជាតិ ។
ការលើកឡើងបែបនេះ របស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន បន្ទាប់ពីសារព័ត៌មានក្នុងស្រុកថៃ បានផ្សព្វផ្សាយព័ត៌មានដែលបានលើក អំពីហេតុផលនិងអនុសាសន៍ស្នើលុប MOU ៤៣ ឬMOU ឆ្នាំ២០០០ របស់គណៈកម្មាធិការ ចំពោះកិច្ចព្រឹទ្ធសភាថៃ ។

យោងតាមសេចក្តីប្រកាសបដិសេធព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា អ្នកនាំពាក្យកិច្ចការព្រំដែន ប្រកាស បដិសេធនិងច្រានចោល ទាំងស្រុងចំពោះហេតុផល និងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ដោយគណៈកម្មាធិការ ចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលធ្វើឡើង ដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងផ្ទុយច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផល ដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរនាពេលកន្លងមក ។
អ្នកនាំពាក្យបំភ្លឺនិងបញ្ជាក់ថា MOU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ និងបានចូលជាធរមាននៅថ្ងៃចុះហត្ថលេខា ព្រមទាំងបានយកទៅចុះបញ្ជីនិង តម្កល់នៅលេខាធិការដ្ឋានអង្គការ សហប្រជាជាតិ ។ MOU ឆ្នាំ២០០០ មានចរិត លក្ខណៈជាសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធ នឹងព្រំដែនដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មការ JBC ។
អ្នកនាំពាក្យបន្តថា តាមគោលការណ៍ច្បាប់ អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើក យកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែន ដែលខ្លួនជាភាគីបានឡើយ ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន បន្ថែមថា MOU ឆ្នាំ២០០០ បានផ្តល់សមត្ថកិច្ចនិងសិទ្ធិអំណាច ពេញលេញដល់គណៈកម្មការ JBC នៃភាគីទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីផ្អែកលើមូលដ្ឋាន អនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ , ផែនទីដែលជាលទ្ធផល នៃការងារខណ្ឌសីមា របស់គណៈកម្មការកំណត់ ព្រំដែនឥណ្ឌូចិន-សៀម , កំណត់ហេតុបោះបង្គោល របស់គណៈកម្មការឥណ្ឌូចិន-សៀម , បែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ៕
