ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ តម្លៃប្រេងឥន្ធនៈ កំពុងកើនឡើង រាជរដ្ឋាភិបាល សម្រេចដាក់ចេញវិធានការ ចាំបាច់មួយចំនួន

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈ កំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញវិធានការចាំបាច់មួយចំនួន ដើម្បីជួយសម្រាលការចំណាយ របស់ប្រជាពលរដ្ឋ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែមីនា លោកប៉ែន បូណា ថ្លែងថា វិធានការទាំងនោះរួមមាន ៖ បន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លារក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់ របស់រាជរដ្ឋាភិបាល ទៅលើតម្លៃប្រេងឥន្ធនៈ ដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ ។ បន្តបញ្ចុះតម្លៃ១សេនដុល្លារបន្ថែមទៀតក្នុង១លីត្រ នៅពេលដែលប្រេងសាំងអន្តរជាតិ កើនលើសពី ៩០ដុល្លារក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី ១០០ដុល្លារក្នុង១បារ៉ែល ។ ក្នុងនោះក៏បានបញ្ចុះពន្ធគយដល់ ០ ពោល គឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង ។
លោកថា “បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់ ០(សូន្យ)ដុល្លារ និងបញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% ដល់ ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិង ម៉ាស៊ូតពី ១០% មកត្រឹម ៤% ប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាល ជាអ្នកទទួលបន្ទុកជំនួស ចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ” ។

លោកបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តតាមដានស្ថានភាពប្រេងឥន្ធនៈ នៅលើទីផ្សារដោយយកចិត្តទុកដាក់បំផុត ដើម្បីពិនិត្យលទ្ធភាពដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់៕

To Top