ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់បញ្ជាក់ថា ពិតជាមានសារត្រូវបានផ្លាស់ប្តូរ ជាមួយសហរដ្ឋអាមេរិក​ តាមរយៈអន្តរការី ប៉ុន្តែមិនមានកិច្ចពិភាក្សា ណាមួយត្រូវបានធ្វើឡើងទេ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា សារផ្សេងៗគ្នាត្រូវបានផ្លាស់ប្តូររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក តាមរយៈអន្តរការី ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលទីក្រុងតេអេរ៉ង់​ មិនបានធ្វើការចរចាជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ចាប់តាំងពីការចាប់ផ្តើម នៃការវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ លើប្រទេសនេះនៅចុងខែមុន ។

លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ។​ ដោយលេីកឡេីងថា​ “ចាប់តាំងពីប៉ុន្មានថ្ងៃមុនមក ភាគីអាមេរិក​ បានចាប់ផ្តើមផ្ញើសារផ្សេងៗគ្នាតាមរយៈអន្តរការីផ្សេងៗគ្នា។

លោកបានលេីកឡេីងថា​ “នៅពេលដែលសារត្រូវបានបញ្ជូនមកយើងតាមរយៈប្រទេសជាមិត្ត ហើយជាការឆ្លើយតប យើងប្រកាសជំហររបស់យើង ឬចេញការព្រមានចាំបាច់ វាត្រូវបានគេហៅថាមិនមែនជាការចរចា ឬការសន្ទនានោះទេ។ គ្រាន់តែមានការផ្លាស់ប្តូរសារតាមរយៈមិត្តភក្តិរបស់យើង ហើយយើងបាននិយាយឡើងវិញនូវជំហរគោលការណ៍របស់យើង”។

លោកបានបន្ថែមថា នៅក្នុងសារមួយចំនួន អ៊ីរ៉ង់​ បានព្រមានសហរដ្ឋអាមេរិក​ កុំឱ្យវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលបណ្តាលឱ្យទីក្រុងវ៉ាស៊ីនតោន​ ដកការព្រមានរបស់ខ្លួនក្នុងការវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់​ ក្នុងរយៈពេល ៤៨ ម៉ោង។

លោក Araghchi បានបន្ដថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមនោះទេ ដោយសង្កត់ធ្ងន់ថា “យើងមិនបានចាប់ផ្តើមសង្គ្រាមនេះទេ ហើយចង់បញ្ចប់វាតាមរបៀបដែលវាមិនត្រូវបានធ្វើម្តងទៀត”។

លោកបានកត់សម្គាល់ថា អ៊ីរ៉ង់​ មិនចង់បានបទឈប់បាញ់ទេ ព្រោះវានឹងក្លាយជាការធ្វើម្តងទៀតនៃ “រង្វង់ដ៏កាចសាហាវ” នៃការចរចា សង្គ្រាម និងបទឈប់បាញ់ ដោយសង្កត់ធ្ងន់ថា “យើងចង់បញ្ចប់សង្គ្រាមនេះតាមលក្ខខណ្ឌរបស់យើង”៕

To Top