ព័ត៌មានជាតិ

រាជរដ្ឋាភិបាល មិនត្រឹមតែទាក់ទាញ វិនិយោគិនថ្មីប៉ុណ្ណោះទេ ថែមទាំងគាំទ្រវិនិយោគ កំពុងប្រតិបត្តិការនៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែទាក់ទាញ វិនិយោគិនថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ ចំពោះការថែទាំគាំទ្រវិនិយោគកំពុងប្រតិបត្តិការនៅកម្ពុជា។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប ដែលជានិច្ចកាលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់របស់កម្ពុជា។ លោក បានបញ្ជាក់ជាថ្មីនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក.អ.ក. ក្នុងការយកចិត្តទុកដាក់ខ្ពស់បំផុត លើការទទួលស្តាប់នូវរាល់បញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួម ដើម្បីផ្តល់កិច្ចសម្របសម្រួល ពេញទំហឹងដល់វិនិយោគិនឯកជន។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែទាក់ទាញវិនិយោគិនថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ ចំពោះការថែទាំគាំទ្រ វិនិយោគដែលកំពុងប្រតិបត្តិការផងដែរ ។ ក្នុងន័យនេះ លោក បានលើកឡើងនូវគំនិតផ្ដួចផ្ដើមការរៀបចំ «កម្មវិធីអាហារពេលព្រឹកធុរកិច្ច (Business Breakfast)» ជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ក៏ដូចជាសភាពាណិជ្ជកម្មពាណិជ្ជកម្ម នៃបណ្តាប្រទេសផ្សេងទៀត នៅកម្ពុជាផងដែរ។

គណៈប្រតិភូសហភាពអឺរ៉ុប បានកត់សម្គាល់ឃើញថា កម្ពុជាមានទីតាំងភូមិសាស្ត្រ នយោបាយដ៏មានសក្តានុពល ក្នុងនាមជាមជ្ឈមណ្ឌលតភ្ជាប់ តំបន់អាស៊ាន «ASEAN Hub» និងជាគោលដៅដ៏ទាក់ទាញក្រោមក្របខណ្ឌ «Global Gateway» របស់សហភាពអឺរ៉ុប។ ក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ជាមួយអាម៉េរិក ក៏ត្រូវបានលើកយកមកពិភាក្សាថា ជាចំណុចទាក់ទាញ បន្ថែមសម្រាប់អ្នកវិនិយោគអន្តរជាតិ នៅកម្ពុជាផងដែរ។

បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រ ធ្វើពពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ដោយផ្តោតលើការទាក់ទាញ វិនិយោគក្នុងវិស័យដែលមានតម្លៃបន្ថែមខ្ពស់ និងបច្ចេកវិទ្យាទំនើប រួមមាន ៖ កសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃចំណីអាហារ, ឧស្សាហកម្មយានយន្ត និងគ្រឿងអេឡិចត្រូនិច។ វិស័យទាំងនេះ គឺជាសសរស្តម្ភថ្មីដែលកម្ពុជាកំពុងជំរុញ ដើម្បីធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា «មានប្រទេសជាច្រើនទៀតក្នុងសហភាពអឺរ៉ុប ដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកម្ពុជា ហើយកំពុងតាមដានការអភិវឌ្ឍ របស់កម្ពុជាយ៉ាងយកចិត្តទុកដាក់ និងរង់ចាំឱកាសដើម្បីជួបពិភាក្សា ដោយផ្ទាល់ជាមួយប្រតិភូកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ»៕

To Top