ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជា ប្រធាន គណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប)បានថ្លែងថា រាជរដ្ឋាភិបាលផ្ទេរថវិកាប្រមាណ១៦៦លានដុល្លារ ទៅឲ្យរដ្ឋបាល រាជ ធានី-ខេត្ត សម្រាប់គ្រប់គ្រង និងចាត់ចែង ប្រើប្រាស់លើការអនុវត្តមុខងារ សេវាសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញនូវអនុក្រឹត្យ ស្តីពី ការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី- ខេត្ត ចុងឆ្នាំ២០១៩កន្លងមក ទោះបីកម្ពុជា កំពុងជួបនូវស្ថានភាពលំបាក ដោយសារការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលតម្រូវឲ្យភាគី ព័ន្ធទាំងអស់ អនុវត្តវិធានការនានា ដើម្បីការពារទប់ស្កាត់ពីការឆ្លងជំងឺ កូវីដ-១៩។
សម្ដេចក្រឡាហោម បន្ដថា ផ្អែកតាមរបាយការណ៍ ក្នុងរយៈពេលប៉ុន្មានខែ ដើមឆ្នាំ២០២០នេះ ភាគីពាក់ព័ន្ធ បានរួមគ្នារៀបចំលិខិតបទដ្ឋានគតិយុត្ត និងបានអនុវត្តកិច្ចការអាទិភាពចាំបាច់ មួយចំនួន ដើម្បីធានាដល់ការចាប់ផ្តើមអនុវត្ត អនុក្រឹត្យនេះ ដែលក្នុងនោះ រួមមាន ការផ្ទេរ បុគ្គលិកសុខាភិបាល ចំនួនជាង២ម៉ឺននាក់ ទៅឲ្យរដ្ឋបាល រាជធានី- ខេត្ត សាមីនីមួយៗ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ការដាក់ចេញនូវប្រកាសអន្តរក្រសួង ស្តីពី ការផ្ទេរថវិកា ចំនួនប្រមាណ ១៦៦លានដុល្លារ ទៅឲ្យរដ្ឋបាល រាជធានី-ខេត្ត សម្រាប់គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់លើការអនុវត្តមុខងារផ្តល់សេវាសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ ខ្លួន និងប្រកាសអន្តរក្រសួង ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរ សុខាភិបាលនៃរដ្ឋ បាល រាជធានី-ខេត្ត»។
ក្នុងឱកាសប្រជុំផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត នាពេលព្រឹកនេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា កិច្ចប្រជុំនេះមានគោល បំណងផ្សព្វផ្សាយ និងផ្តល់ការណែនាំ អំពី គោលការណ៍សំខាន់ៗជូនដល់ថ្នាក់ដឹកនាំនៃ រដ្ឋបាល រាជធានី-ខេត្ត រួមទាំង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី- ខេត្ត អំពី ការចាប់ ផ្តើមជាផ្លូវការនូវការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយ ទទួលខុសត្រូវ មានប្រសិទ្ធភាព៕
ដោយ ៖ អេង ប៊ូឆេង