និស្សិតនាយទាហានកម្ពុជា ហ៊ុន ចាន់ បញ្ញាបុត្រ បញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធា សាន់ហឺស របស់ចក្រភពអង់គ្លេស
ភ្នំពេញ៖ និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ បានបញ្ចប់ការសិក្សាជោគជ័យពីរាជបណ្ឌិតសភាយោធា សាន់ហឺស (Royal Military Academy Sandhurst) របស់ចក្រភពអង់គ្លេសនៅថ្ងៃនេះ។ សាន់ហឺស គឺជាសាលាបណ្តុះបណ្តាលនាយទាហានយោធាដ៏ល្បីល្បាញបំផុតរបស់ចក្រភពអង់គ្លេស ដែលមានអតីតសិស្សល្បីៗជាច្រើន រួមទាំងលោកវីនស្តុន ឆើឈីល អតីតនាយករដ្ឋមន្ត្រីអង់គ្លេសផងដែរ។

លោក ហ៊ុន ចាន់ បញ្ញាបុត្រ គឺជានិស្សិតកម្ពុជាទីពីរ ដែលបានបញ្ចប់ការសិក្សានៅសាលាដ៏មានកិត្តិយសនេះ។ បច្ចុប្បន្ន មាននិស្សិតយោធាកម្ពុជាចំនួនបីរូបទៀត កំពុងតែទទួលការបណ្តុះបណ្តាល និងការសិក្សានៅស្ថាប័នការពារជាតិដ៏ល្បីល្បាញនានានៅចក្រភពអង់គ្លេស។
លោកវរសេនីយ៍ឯក ជូលៀន ស្មីត (Col. Julian Smith) សេនានុព័ន្ធយោធាចក្រភពអង់គ្លេសប្រចាំកម្ពុជា បានធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះ ដើម្បីអបអរសាទរលោក ហ៊ុន ចាន់ បញ្ញាបុត្រ។ លោកបានចូលរួមក្នុងពិធីព្យុហយាត្រាបញ្ចប់ការសិក្សា (Passing Out Parade) និងបានឃើញផ្ទាល់នូវពេលដែលលោក ហ៊ុន ចាន់ បញ្ញាបុត្រ ទទួលបានមេដាយសាន់ហឺស (Sandhurst Medal) ពីលោកឧត្តមសេនីយ៍ទោ និក ខូលី (Major General Nick Cowley OBE) មេបញ្ជាការទទួលបន្ទុកកិច្ចការងារបណ្តុះបណ្តាលយោធិន នៃកងទ័ពចក្រភពអង់គ្លេស។
ការបញ្ចប់ការសិក្សានេះ ឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងការពារជាតិរវាងចក្រភពអង់គ្លេស និងកម្ពុជា តាំងពីការតែងតាំងសេនានុព័ន្ធយោធាដំបូងរបស់អង់គ្លេសនៅឆ្នាំ២០២១។ កម្មវិធីអប់រំយោធារបស់ចក្រភពអង់គ្លេស កំពុងគាំទ្រដល់គោលបំណងរបស់កម្ពុជា ក្នុងការកសាងសមត្ថភាព វិជ្ជាជីវៈភាព និងការប្រកាន់ខ្ជាប់ស្តង់ដារអន្តរជាតិ ក្នុងជួរកងយោធពលខេមរភូមិន្ទ។
លោក Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានសម្តែងការមោទនភាពចំពោះសមិទ្ធផលនេះ និងបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ កំពុងតែរីកចម្រើនជាបន្តបន្ទាប់។
ការបញ្ចប់ការសិក្សារបស់និស្សិតនាយទាហានកម្ពុជានៅសាន់ហឺស មិនត្រឹមតែជាមោទនភាពសម្រាប់បុគ្គលនោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស និងវិជ្ជាជីវៈភាពនៃកងយោធពលខេមរភូមិន្ទនៅលើឆាកអន្តរជាតិផងដែរ។
ដោយ៖ សយ រិទ្ធី
