ក្រសួងប្រៃសណីយ៍ កំពុងសិក្សាពីការបង្កើត អង្គភាពទទួលបន្ទុកគ្រប់គ្រង លំហអាកាសជាតិ
ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងបញ្ជាក់ថា ក្រសួងកំពុងសិក្សាអំពីឧត្តមានុវត្ត នៃការបង្កើតអង្គភាពទទួលបន្ទុកគ្រប់គ្រង លំហអាកាសជាតិមួយ ដើម្បីសម្របសម្រួលការងារ ពាក់ព័ន្ធនឹងលំហអាកាស។

នេះជាប្រសាសន៍របស់រដ្ឋមន្រ្តី ក្នុងពិធីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប” នារសៀលថ្ងៃទី២៣ ខែមេសា ។
ក្នុងឱកាសនោះដែរ លោកអះអាងទៀត ក្រសួងក៏តែងគិតគូរជាអាទិភាពលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញលើជំនាញផ្កាយរណប និងលម្ហអាកាស ដោយបានចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាល នានា លើផ្នែកផ្កាយរណបនិងលំហអាកាស។

លោកថា នៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាផ្កាយរណប នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និង គ្រឹះស្ថានឧត្តមសិក្សាដៃគូ ៕
