រដ្ឋមន្ត្រីការបរទេសចិន និងនាយករដ្ឋមន្ត្រីថៃ ព្រមព្រៀងសហការគ្នា ប្រយុទ្ធប្រឆាំង នឹងការឆបោកតាមអ៊ីនធឺណិត
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ អនុទីន ឆានវីរៈគុល នៅថ្ងៃសុក្រនេះ ក្នុងអំឡុងពេលទស្សនកិច្ច ដែលមានគោលបំណងពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រ របស់ប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការ ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី រ៉ាចាដា ដានឌីរេក បាននិយាយថា លោក វ៉ាង យី និងនាយករដ្ឋមន្ត្រីថៃ បានព្រមព្រៀងគ្នាពង្រឹង កិច្ចសហការក្នុងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមអ៊ីនធឺណិត និងវិស័យផ្សេងៗទៀត។
លោកស្រីបាននិយាយថា លោក អនុទីន បានថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះការគាំទ្រ ជាបន្តបន្ទាប់របស់ខ្លួន ចំពោះប្រទេសថៃ ខណៈដែលលោក វ៉ាង បានអបអរសាទរចំពោះលោកអនុទីន ដែលនៅតែរក្សាតំណែង របស់លោកបានបន្ទាប់ពីការបោះឆ្នោត ហើយបានសម្តែងទំនុកចិត្តថា ទំនាក់ទំនងថៃ-ចិន នឹងបន្តប្រសើរឡើង។
លោក អនុទីន បានស្វាគមន៍លោក វ៉ាង នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក។ ពួកគេបានចាប់ដៃគ្នា ខណៈពេលកំពុងថតរូបមុនពេលកិច្ចប្រជុំ៕
ប្រែសម្រួលៈ ណៃ តុលា
