ព័ត៌មានជាតិ

ស្អែកនេះ រាជរដ្ឋាភិបាល និងបងប្អូនកម្មករនិយោជិត សហជីព សង្គមស៊ីវិល និងអង្គការជាតិ-អន្តរជាតិ ប្រមាណជាង៥ពាន់នាក់ នឹងប្រារព្ធអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ភ្ញៀវអន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សមាគមបុគ្គលិកសិក្សា សហជីព និងកម្មករនិយោជិតចំនួនជាង ៥ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

នៅឆ្នាំ២០២៦នេះ កម្ពុជាបានជ្រើសយកប្រធានបទ «រួមគ្នាកសាងភាពធន់​ដើម្បីការងារ​សមរម្យ» គឺជាប្រធានបទ​ដើម្បីអបអរសាទរ​ទិវាពលកម្មអន្តរជាតិ១ឧសភាដ៏មានសារសំខាន់នាពេលនេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ទិវាពលកម្មអន្ដរជាតិ ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់បងប្អូនកម្មករនិយោជិត នៅទូទាំងពិភពលោក ហើយ​ត្រូវបាន​រាជរដ្ឋាភិបាលកម្ពុជាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក។

សម្រាប់អ្នកនាំពាក្យរូបនេះ ការជ្រើសរើសប្រធានបទ រួមគ្នាកសាងភាពធន់ដើម្បី ការងារសមរម្យ សម្រាប់ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៦ នេះ គឺជាសក្ខីភាពនៃការ ប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព ដោយឈរលើគោលការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។

អ្នកនាំពាក្យក្រសួងការងារដដែលរូបនេះ បន្ថែមថាក្នុងកម្មវិធីស្អែកនេះ សម្តេចនាយករដ្ឋមន្ត្រី នឹង​ថ្លែងសារសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងអង្គពិធីដោយរំលេចនូវ​បង្ហាញពី​វឌ្ឍនភាពនៃវិស័យការងារ និងសមិទ្ធផលកន្លងមក​របស់រាជរដ្ឋាភិបាល​ដែលបានអនុវត្តកន្លងមក និងទិសដៅទៅមុខដើម្បីឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិត និងវិស័យទាំងមូលផងដែរ៕

To Top