ព័ត៌មានជាតិ

កម្ពុជាចូលរួមអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុង មែលប៊ន»

ភ្នំពេញ ៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (CAPPD) និងជាអនុប្រធានវេទិកា សមាជិកសភាអាស៊ីស្តីពីប្រជាជន និងអភិវឌ្ឍន៍ (AFPPD) បានចូលរួមអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ដើម្បីពង្រឹងសិទ្ធិសុខភាពបន្តពូជ និងសមភាពយេនឌ័រ ក្នុងវេទិកាកម្រិតខ្ពស់ រវាងរដ្ឋមន្ត្រី និងសមាជិកសភា ។

ការចូលរួមអនុម័តនេះធ្វើឡើង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ។ វេទិកានេះគឺជាការជួបជុំកម្រិតថ្នាក់ដឹកនាំ ដែលមានការចូលរួមពីសមាជិកសភា និងរដ្ឋមន្ត្រីប្រមាណជិត ១០០ រូប មកពីបណ្តាប្រទេសនានា ដើម្បីតភ្ជាប់តួនាទីដឹកនាំរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងគោលដៅជំរុញសិទ្ធិ និងសុខភាពបន្តពូជ និងផ្លូវភេទ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃសមភាពយេន ឌ័រ និងយុត្តិធម៌សង្គម។

ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ អង្គវេទិកា បានផ្ដោតលើការងារអាទិភាពចំនួន ៣ ធំៗរួមមាន ៖ តួនាទីនីតិកម្ម និងថវិកា ៖ ការពង្រឹងសកម្មភាពសមាជិកសភា ក្នុងការរៀបចំច្បាប់ គោលនយោបាយ និងការអនុម័តកញ្ចប់ថវិកាជាតិឱ្យចំគោលដៅ , កិច្ចសហប្រតិបត្តិការតំបន់៖ ការជំរុញយន្តការសភាពហុភាគី ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល និងការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង រវាងបណ្តាប្រទេសនានា ដូចជា ហ្វីជី ទីម័រឡេស្តេ ណូរូ តុងហ្គា និងអូស្ត្រាលីជាដើម និងយុទ្ធសាស្ត្រប្រតិបត្តិ ៖ ការបង្វែរការសន្យាក្នុងវេទិកាអន្តរជាតិ ឱ្យទៅជាសកម្មភាព ជាក់ស្តែងនៅក្នុងគោលនយោបាយជាតិ ក្រោយបញ្ចប់សន្និសីទ។

ជាលទ្ធផលផ្លូវការ នៃវេទិកានេះ អង្គប្រជុំបានសម្រេចអនុម័តលើ «សេចក្តីថ្លែងការណ៍ទីក្រុងមែលប៊ន» ស្តីពីការសម្រេច ឱ្យបាននូវភាពធន់នៃប្រជាសាស្ត្រដែល ជាឯកសារសមិទ្ធផលដ៏សំខាន់ ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ក្នុងការធានាថាគ្រប់បុគ្គលទាំងអស់ទទួលបានសិទ្ធិសុខភាពពេញលេញ ។

គួរជម្រាបផងដែរថា ពិធីបើកវេទិកានេះ មានការចូលរួមពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមាន នាយករដ្ឋមន្ត្រីទូវ៉ាលូ , នាយកប្រតិបត្តិ UNFPA និងអគ្គនាយក IPPF។ បន្ទាប់ពីបញ្ចប់វេទិកានេះ លោកស្រី ឡោក ខេង និងគណៈប្រតិបត្តិបន្តអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃសន្និសីទ Women Deliver 2026 ដែលជាវេទិកាស្ត្រីដ៏ធំបំផុតមួយនៅលើសកលលោកផងដែរ ៕

To Top