ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ រិះគន់យុទ្ធសាស្ត្រ​ របស់សហរដ្ឋអាមេរិក​ ក្នុងជម្លោះជាមួយអ៊ីរ៉ង់

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានរិះគន់សហរដ្ឋអាមេរិកចំពោះការចូលរួមផ្នែកយោធា “គ្មានផែនការ” របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបន្ថែមថា សហរដ្ឋអាមេរិក “កំពុងត្រូវបានភាពជាអ្នកដឹកនាំអ៊ីរ៉ង់​ ធ្វេីឧ្យអាម៉ាស់”។

ថ្លែងនៅឯ Carolus-Magnus-Gymnasium ដែលជាសាលាមួយក្នុងទីក្រុង Marsberg ខេត្ត North Rhine-Westphalia លោក Merz បានសម្តែង ការសង្ស័យរបស់លោកអំពីសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន​ ក្នុងការបញ្ចប់សង្គ្រាម របស់ខ្លួនជាមួយអ៊ីរ៉ង់។

លោក Merz ត្រូវបានដកស្រង់សម្តីដោយ ទស្សនាវដ្តីអាល្លឺម៉ង់ Spiegel ដោយបន្ថែមថា សហរដ្ឋអាមេរិក “ជាក់ស្តែងបានចូលទៅក្នុងសង្គ្រាមនេះដោយគ្មាន យុទ្ធសាស្ត្រណាមួយឡើយ” ដោយបន្ថែមថា ភាគីអ៊ីរ៉ង់កំពុងចរចាយ៉ាងប៉ិនប្រសប់។

លោកបានលេីកឡេីងថា “បញ្ហាជាមួយនឹងជម្លោះបែបនេះ​ គឺតែងតែថា អ្នកមិនត្រឹមតែត្រូវចូលទៅក្នុងសង្គ្រាមនោះទេ ប៉ុន្ដែអ្នកក៏ត្រូវរកផ្លូវចេញទៅវិញដែរ”។

លោកបានបញ្ជាក់ជាថ្មីនូវការផ្តល់ជូនរបស់អាល្លឺម៉ង់​ ក្នុងការជួយធានាសុវត្ថិភាពច្រកសមុទ្រហ័រមូស និងស្តារខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងសកលឡើងវិញ។ យ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ប្រទេសអាល្លឺម៉ង់​ នឹងចូលរួម លុះត្រាតែប្រតិបត្តិការប្រយុទ្ធទាំងអស់ត្រូវបានបញ្ឈប់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top