អ៊ីរ៉ង់ អះអាងថា អគ្គសេនាធិការ នៃកងកម្លាំងប្រដាប់ អាវុធរបស់ខ្លួន នឹងទទួលខុសត្រូវ ចំពោះសកម្មភាព នៅក្នុងច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានឧ្យដឹងថា អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ត្រូវបានសម្រេច ជាអាជ្ញាធរដែលទទួលខុសត្រូវក្នុងការចាត់វិធានការ នៅក្នុងច្រកសមុទ្រហ័រមូស ក្នុងសេចក្តីព្រាងផែនការសភា ដើម្បីធានាសន្តិសុខនៅក្នុងផ្លូវទឹក ។
លោក Ebrahim Azizi ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ ខណៈពេលដែលកំពុង ពន្យល់អំពីមាត្រានៃសេចក្តីព្រាងចុងក្រោយនៃ “ផែនការសកម្មភាពយុទ្ធសាស្ត្រ ដើម្បីធានាសន្តិសុខ និងវឌ្ឍនភាពនៅក្នុងច្រកសមុទ្រហ័រមូស និងឈូងសមុទ្រ” ដែលត្រូវបានកំណត់ឱ្យបោះឆ្នោតដោយស្ថាប័ននីតិបញ្ញត្តិ។
លោក Azizi បានលេីកឡេីងថា ផែនការនេះ មានមាត្រាជិត ១១ ហើយស្វែងរកការរឹតបន្តឹងការឆ្លងកាត់ ដោយនាវាសត្រូវឆ្លង កាត់ច្រកសមុទ្រ ដោយបន្ថែមថា វាហាមឃាត់យ៉ាងដាច់ខាត ចំពោះនាវាទាំងអស់ ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ពីការឆ្លងកាត់ផ្លូវទឹក។
យោងតាមផែនការនេះ វាត្រូវបានគេព្យាករណ៍ថា ប្រាក់ចំណូលហិរញ្ញវត្ថុដែលទទួលបានពីច្រកសមុទ្រ គួរតែជារូបិយប័ណ្ណរបស់អ៊ីរ៉ង់ គឺប្រាក់រៀលអ៊ីរ៉ង់
លោកបានបន្ដថា ស្ថាប័ន រដ្ឋាភិបាល និងប្រទេសទាំងអស់ដែលបានបង្កការខាតបង់ និងការខូចខាតដល់អ៊ីរ៉ង់ រារាំងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ឬចាត់វិធានការអរិភាពប្រឆាំងនឹងប្រទេសនេះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ត្រូវតែបង់ប្រាក់សំណង។
លោកបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់កំពុងគ្រប់គ្រង ច្រកសមុទ្រយ៉ាងពេញលេញ និងឆ្លាតវៃរួចទៅហើយ ដោយផ្អែកលើបទបញ្ជា ដែលពួកគេបានទទួលពី ថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងស្ថាប័នអ៊ីរ៉ង់ ដោយគូសបញ្ជាក់ថា ផែនការសភាត្រូវបានរៀបចំឡើង ដោយផ្អែកលើវិធានការ ដែលបានស្នើឡើងដោយមេដឹកនាំកំពូលអ៊ីរ៉ង់លោក Mojtaba Khamenei ដែលបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងថ្មី ត្រូវតែអនុវត្តលើច្រកសមុទ្រនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
