លោក សុក ស៊ីផាន់ណា ៖ កម្ពុជាប្តេជ្ញា ដោះស្រាយបញ្ហាសន្តិសុខ លម្ហសមុទ្រ គោរពច្បាប់អន្តរជាតិ
ភ្នំពេញ ៖ លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជាប្រសិតពិសេស របស់សម្តេចធិបតី ទទួលបន្ទុកបេសកកម្ម នៅអង្គការសហប្រជាជាតិ(អ.ស.ប.) បានគូសបញ្ជាក់យ៉ាងច្បាស់ៗ នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពច្បាប់អន្តរជាតិ ចំពោះការដោះស្រាយបញ្ហាសន្តិសុខលម្ហសមុទ្រ។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចពិភាក្សាបើកចំហរកម្រិតខ្ពស់សម្រាប់ខែមេសារបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី “សុវត្ថិភាព និងការការពារផ្លូវនាវាចរណ៍ នៅក្នុងដែនសមុទ្រ” នៅទីស្នាក់ការ កណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក លោកគូសបញ្ជាក់ ពីអាទិភាពចំនួន៣ ចំណុច ដើម្បីដោះស្រាយការគំរាមកំហែង ដល់សន្តិសុខលម្ហសមុទ្រ ដែលកំពុងកើនឡើងរួមមាន ៖ ១- ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត , ២- កម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការផ្ដល់ជំនួយបច្ចេកទេសដល់ប្រទេសឆ្នេរសមុទ្រកំពុងអភិវឌ្ឍ និង៣- ក្រុមប្រឹក្សាសន្តិសុខគួរតែបង្កើតអភិក្រមរួម និងបង្ការជាមុន ដែលពង្រឹងភាពធន់រយៈពេលវែង។
ចំពោះចំណុចទាំង៣នេះ លោកសុក ស៊ីផាន់ណា សង្កត់ធ្ងន់ថា កម្ពុជាប្តេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ លើកកម្ពស់កិច្ចសន្ទនា ដោយសន្តិវិធី និងពង្រឹងសន្តិសុខលម្អសមុទ្រ រួមទាំងតាមរយៈការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន។
ប្រសិតពិសេសរបស់សម្តេចធិបតី ទទួលបន្ទុកបេសកកម្ម នៅអង្គការសហប្រជាជាតិរូបនេះអះអាងទៀតថា កម្ពុជាគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តចំពោះតម្លាភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយស្វាគមន៍នាវាបរទេស ជាមិត្តចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមដែលត្រូវបានធ្វើទំនើបកម្ម សម្រាប់គោលបំណងនៃការហ្វឹកហាត់រួម ជំនួយមនុស្សធម៌ ការឆ្លើយតបគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម ៕
