កំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់របស់ចិន បញ្ជូនសញ្ញាវិជ្ជមាន សម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងបន្តតួនាទីជាក្បាលម៉ាស៊ីន នៃសេដ្ឋកិច្ចសកល
ក្នុងបរិបទ ដែលសេដ្ឋកិច្ចសកល កំពុងស្ថិតក្រោមសម្ពាធ នៃភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិថាមពលសកល សេដ្ឋកិច្ចចិននៅតែបន្តបង្ហាញភាពធន់ខ្ពស់ និងរក្សាសន្ទុះគួរឱ្យកត់សម្គាល់ ។ ការសម្រេចបាន នូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៥% ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦ គឺជាសក្ខីភាពដែលបញ្ជាក់ថា ប្រទេសចិនមិនត្រឹមតែអាចរក្សាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចផ្ទៃក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តតួនាទីជាក្បាលម៉ាស៊ីន នៃសេដ្ឋកិច្ចសកលផងដែរ ។
ខណៈដែលសេដ្ឋកិច្ចធំៗ ជាច្រើនកំពុងប្រឈមមុខនឹងហានិភ័យ នៃកំណើនយឺត ឬការជាប់គាំង សន្ទុះនៃកំណើនរបស់ចិន បានក្លាយជាប្រភព នៃភាពប្រាកដប្រជា និងយុថ្កានៃស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកល ក្នុងបរិយាកាសអន្តរជាតិដ៏ស្រពិចស្រពិល។ នេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កា នៃកិច្ចប្រឹងប្រែងប្រកបដោយសង្គតិភាពរបស់រដ្ឋាភិបាល និងប្រជាជនចិនទាំង ១,៤ ពាន់លាននាក់ ក្នុងការអនុវត្តប្រកប ដោយប្រសិទ្ធភាព នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ជាពិសេសផែនការប្រាំឆ្នាំលើកទី១៤ (២០២១-២០២៥) និងផែនការប្រាំឆ្នាំលើកទី១៥ (២០២៦-២០៣០)។
ក្នុងនាមជាប្រទេស មានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល និងពង្រឹងពហុភាគី និយមតាមរយៈគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់។ ការបើកចំហទីផ្សារ តាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងការសម្របសម្រួល ពាណិជ្ជកម្ម បានធ្វើឱ្យចិនក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេរីភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្មអន្តរជាតិ ដែលជាកត្តាចាំបាច់សម្រាប់វិបុលភាពរួម។
មូលដ្ឋានគ្រឹះនៃភាពធន់នេះ គឺការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច ឆ្ពោះទៅរកគំរូដែលផ្អែកលើនវានុវត្តន៍ ការលើកកម្ពស់ការពឹងពាក់លើខ្លួនឯង និងការពង្រីកតម្រូវការក្នុងស្រុក ។ តាមរយៈការបង្កើនការវិនិយោគលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប ក៏ដូចជាការពង្រឹងខ្សែ ច្រវាក់ផ្គត់ផ្គង់ឱ្យមានភាពស្វ័យគ្រប់គ្រង ប្រទេសចិនបានកាត់បន្ថយការពឹង ផ្អែកពីខាងក្រៅ និងបង្កើនសមត្ថភាពប្រកួតប្រជែងជាតិរបស់ខ្លួន។
ជាក់ស្តែង ឆ្លើយតប នឹងវិបត្តិថាមពលសកល ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្រចម្រុះ ដើម្បីធានាសន្តិសុខថាមពល រួមមានការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ ការបង្កើនទុនបម្រុង ប្រេងយុទ្ធសាស្ត្រ និងការជំរុញថាមពលស្អាត។ ជាមួយនឹងចក្ខុវិស័យ នៃការសម្រេចឱ្យបាននូវការបំភាយកាបូនឱ្យបានខ្ពស់បំផុតនៅមុនឆ្នាំ២០៣០ និងក្លាយទៅជាកាបូនអព្យាក្រឹតនៅឆ្នាំ២០៦០ ប្រទេសចិនកំពុងក្លាយ ជាអ្នកដឹកនាំសកលក្នុងវិស័យថាមពលកកើតឡើងវិញ និងឧស្សាហកម្មបៃតង ដែលជាកម្លាំងចលករថ្មី សម្រាប់កំណើនប្រកបដោយចីរភាព។
សមិទ្ធផលទាំងនេះមិនត្រឹមតែត្រួសត្រាយផ្លូវ ឱ្យចិនសម្រេចបាននូវគោលដៅសតវត្សរ៍ទីពីររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការពង្រឹងស្ថិរភាពសម្រាប់សេដ្ឋកិច្ចសកលផងដែរ ។ ការបញ្ចូលគ្នារវាងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពបត់បែន និងការកែលម្អរចនាសម្ព័ន្ធស្ថាប័ន បានធ្វើឱ្យកំណើន របស់ចិនកាន់តែមានភាពធន់ គុណភាព និងចីរភាព ព្រមទាំងបានចាក់បញ្ចូលនូវភាព ប្រាកដប្រជាទៅក្នុងសេដ្ឋកិច្ចសកល ដែលកំពុងតែមិនប្រាកដប្រជា។
សរុបមក ក្នុងកាលៈទេសៈដែលភាព មិនច្បាស់សកលនៅតែបន្ត កំណើនប្រកបដោយភាពធន់របស់ចិន មិនត្រឹមតែផ្តល់សញ្ញាវិជ្ជមាន សម្រាប់សេដ្ឋកិច្ចក្នុងស្រុកទេ ប៉ុន្តែនឹងដើរតួនាទីជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងការពង្រឹងស្ថិរភាព និងជំរុញសន្ទុះសេដ្ឋកិច្ចសកល ដែលនឹងនាំមកនូវវិបុលភាពរួមសម្រាប់តំបន់ និងអន្តរជាតិ។
ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
