លោក ដូណាល់ ត្រាំ អះអាងថា ការបិទផ្លូវអ៊ីរ៉ង់ នឹងបន្តរហូតដល់កិច្ចព្រមព្រៀង នុយក្លេអ៊ែរត្រូវបានសម្រេច
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងរក្សាអ៊ីរ៉ង់ ឱ្យស្ថិតនៅក្រោមការបិទ ផ្លូវកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិក រហូតដល់ទីក្រុងតេអេរ៉ង់ យល់ព្រមលើកិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក ត្រាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ អនឡាញអាមេរិក Axios ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា “ការបិទផ្លូវនេះមានប្រសិទ្ធភាព ជាង ការទម្លាក់គ្រាប់បែក” ដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មិនអាចមានអាវុធនុយ ក្លេអ៊ែរបាននោះទេ។
ប្រធានាធិបតីអាមេរិករូបនេះ បានអះអាងថា អ៊ីរ៉ង់ ចង់ឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីលើកការបិទផ្លូវ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ត្រាំ បានលេីកឡេីងថា “ពួកគេចង់ដោះស្រាយ។ ពួកគេមិនចង់ឱ្យខ្ញុំរក្សាការបិទផ្លូវនោះទេ។ ខ្ញុំមិនចង់លើកការបិទផ្លូវនោះទេ ព្រោះខ្ញុំមិនចង់ឱ្យពួកគេមានអាវុធនុយក្លេអ៊ែរ”។
សម្រាប់ពេលនេះ លោក ត្រាំ មើលឃើញថា ការបន្តបិទផ្លូវជាប្រភពនៃឥទ្ធិពលចម្បងរបស់លោក ប៉ុន្តែលោកនឹងពិចារណា លើសកម្មភាពយោធា ប្រសិនបើអ៊ីរ៉ង់ នៅតែមិនចុះចាញ់ នេះបើយោងតាមរបាយការណ៍របស់ Axios។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានរៀបចំផែនការ សម្រាប់រលកវាយប្រហារ “ខ្លី និងខ្លាំងក្លា” លើអ៊ីរ៉ង់ ដោយសង្ឃឹមថានឹងបំបែកភាព ជាប់គាំងនៃការចរចា នេះបើយោងតាមរបាយ ការណ៍របស់ Axios។
ប្រភពសន្តិសុខជាន់ខ្ពស់អ៊ីរ៉ង់មួយរូប ដែលត្រូវបានដកស្រង់សម្តី ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ PRESS TV របស់ប្រទេសនេះ បានឧ្យដឹងថា ការបិទផ្លូវកងទ័ពជើងទឹក របស់សហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខ នឹងសកម្មភាពជាក់ស្តែង និងមិនធ្លាប់មានពីមុន មកក្នុងពេលឆាប់ៗនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា
