ព័ត៌មានអន្តរជាតិ

អាមេរិក បន្ដជំរុញកូរ៉េខាងត្បូង ឲ្យមានការបត់បែន ក្នុងកិច្ចចរចាតម្លៃការពារជាតិ

វ៉ាស៊ីនតោន៖ មន្រ្តីការបរទេសបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នៅតែបន្តជម្រុញឱ្យកូរ៉េខាងត្បូង បង្ហាញភាពបត់បែន ក្នុងការចរចា អំពីការចែករំលែកតម្លៃនៃវត្តមាន របស់កងទ័ពអាមេរិកនៅទីនោះ។

សម្ព័ន្ធមិត្តបានព្យាយាម អស់រយៈពេលជាច្រើនខែ ដើម្បីឈានដល់កិច្ចព្រមព្រៀង ស្តីពីវិធានការពិសេសថ្មី ដោយបញ្ជាក់ថាតើកូរ៉េខាងត្បូង នឹងចូលរួមវិភាគទានចំនួនប៉ុន្មាន ក្នុងការរក្សាកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់ដែលឈរជើង នៅលើឧបទ្វីបនេះ។

ការចរចាបានឈានដល់ ភាពស្រពិចស្រពិល ចំពេលដែលសហរដ្ឋអាមេរិក ទាមទារឱ្យមានការកើនឡើង គួរឱ្យកត់សម្គាល់ នៃចំណែកទីក្រុងសេអ៊ូល ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងគ្នា កាលពីដើមសប្តាហ៍នេះ ដើម្បីអនុញ្ញាតឱ្យកូរ៉េខាងត្បូង ផ្តល់ថវិកាដល់ថ្លៃពលកម្ម សម្រាប់ពលករកូរ៉េរាប់ពាន់នាក់ ដែលត្រូវបានឲ្យសម្រាកពីការងារ នៅកងកម្លាំងអាមេរិកនៅកូរ៉េ កាលពីខែមេសា៕ ដោយ៖ ឈូក បូរ៉ា

To Top