ព័ត៌មានជាតិ

៦ថ្ងៃ នគរបាល ផាកពិន័យ យានយន្ដ ល្មើសច្បាប់ ជាង ៧ពាន់គ្រឿង

ភ្នំពេញ ៖ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់៦ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយ ល្មើសច្បាប់ និងផាកពិន័យយានយន្ដ សរុប ចំនួន ៧,២៣៥គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៥,៥៦៨គ្រឿង។

យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា កាលពីថ្ងៃទី៦ មិថុនា ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ផ្លូវគោករកឃើញមធ្យោបាយ ល្មើសច្បាប់ សរុបចំនួន ១,១១០ គ្រឿង ក្នុងនោះ មាន ម៉ូតូចំនួន ៨៣៩ គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ ៣៩នៅទូទាំងប្រទេស ។

របាយការណ៍ដដែលរៀបរាប់ថា «ដោយឡែក ក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ទី៦ ខែមិថុនា ការរឹតបន្ដឹង ការអនុវត្ត ច្បាប់ ស្ដីពី ចរាចរណ៍ ផ្លូវគោក រកឃើញ មធ្យោបាយ ល្មើស សរុប ចំនួន ៧,២៣៥ គ្រឿង ក្នុងនោះ មាន ម៉ូតូ ចំនួន ៥,៥៦៨ គ្រឿង ត្រូវបាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ នៅ ទូទាំងប្រទេស»។

ប្រភពដដែល លើកឡើងថា រយៈពេល ៦ ថ្ងៃ នេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើស បានដំណើរការ ទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ អេង ប៊ូឆេង

To Top