DAP News
ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ លើកទឹកចិត្តបងប្អូនប្រកបមុខរបរ និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ងាកមកចាប់ឱកាសការងារ ក្នុងប្រព័ន្ធ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ កាន់តែប្រសើរពីរបបសន្តិសុខសង្គម

ភ្នំពេញ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថល សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយលោកបានផ្តល់ នូវជម្រើសឱ្យបងប្អូនកំពុងធ្វើការក្នុប្រកបមុខរបរនិងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះឈ្មោះធ្វើការនៅរោងចក្រ សហគ្រាសក្នុងប្រព័ន្ធឱ្យបានជាអតិបរមា ដែលបច្ចុប្បន្នកំពុងត្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង ។

ថ្លែងក្នុងពិធីដែលមានអ្នកចូលរួមជាង ២៥០នាក់ ជាអាជីវករលក់ដូរតាមដងផ្លូវ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ការប្រារព្ធទិវាសម្រាប់បងប្អូនកម្មករនិយោជិតក្នុងនិងក្រៅប្រព័ន្ធ គឺជាការរំលឹកនិងដាស់តឿនដល់បុគ្គល ក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកធ្វើគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលឱ្យដឹងពីសិទ្ធិមូលដ្ឋាន ក្នុងវិស័យការងារ និងមុខរបរ ព្រមទាំងលក្ខខណ្ឌចាំបាច់ ដើម្បីធានាថាប្រជាពលរដ្ឋ ឬអ្នកធ្វើការងារទទួលបានអត្ថប្រយោជន៍សមរម្យមួយក្នុងសង្គម។ បន្ថែមពីនេះ វេទិកានេះក៏ជាការពង្រឹងកិច្ចសន្ទនាសង្គមរវាង រាជរដ្ឋាភិបាល សមាគម សហជីព និងសង្គមស៊ីវិល សំដៅផ្លាស់ប្ដូរយោបល់និងជំរុញគោលនយោបាយ ដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់កម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

នាឱកាសនេះ លោករដ្ឋមន្រ្តីបានរំលឹកប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរខួបលើកទី១៤០ នៃទិវាពលកម្មអន្ដរជាតិ នាពេលថ្មីៗនេះដែលគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលមិនត្រឹមតែចង់ឱ្យពលរដ្ឋ មានត្រឹមតែការងារនោះទេ តែផ្ទុយទៅវិញត្រូវជាការងារ ដែលអាចបង្កើនបំណិន បង្កើនសមត្ថភាពខ្លួនឯង និងជាការងារ ដែលមានផលិតភាពកាន់តែកើនប្រាក់ខែ ក៏កាន់តែខ្ពស់ ជីវភាពក៏កាន់តែល្អប្រសើរ និងមានប្រព័ន្ធគាំពារសង្គមរឹងមាំសម្រាប់ បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។

រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការដោយជោគជ័យនូវរបបសន្តិសុខសង្គម (ប.ស.ស.) ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលបានក្លាយជា«សំណាញ់សុវត្ថិភាពសង្គមដ៏រឹងមាំ»សម្រាប់ជួយគាំពារកម្មករនិយោជិត។ ក្នុងខណៈពេលដែល ប.ស.ស. កំពុងអនុវត្តយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពង្រឹងនិងពង្រីកវិសាលភាពដោយសម្រេចបានលទ្ធផលការងារគួរឱ្យកត់សម្គាល់ លោកក៏បានគូសបញ្ជាក់ថា គោលដៅរួមនាពេលនេះ គឺចង់ជួយបងប្អូនប្រកបមុខរបរ និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្លាប់លំបាកឱ្យក្លាយទៅក្នុងប្រព័ន្ធវិញ ដើម្បីមានលទ្ធភាពទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។ ចំពោះបងប្អូនកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតាមសហគ្រាស សិប្បកម្មតូចៗដែលមិនទាន់បានចុះបញ្ជីនៅក្រសួង លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យទៅចុះឈ្មោះ តាមថ្នាលឌីជីថលដែលក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសម្រួលជូន ហើយប្រសិនបើចង់ចូលធ្វើការនៅតាមរោងចក្រ សហគ្រាស ឬចង់រៀនជំនាញបច្ចេកទេស សូមទាក់ទងទៅលេខទូរស័ព្ទ Hotline របស់ក្រសួង ១២៩៧។

បន្ថែមពីនេះ បងប្អូនដែលជាអ្នករត់ម៉ូតូកង់បីដែលចង់បានមុខរបរបន្ថែម អាចទាក់ទងទៅ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ ដើម្បីធ្វើការកែច្នៃដាក់ឧបករណ៍លាង និងថែទាំម៉ាស៊ីនត្រជាក់ក្នុងទិសដៅរកចំណូលបន្ថែម។ រីឯសិស្សដែលបោះបង់ការសិក្សាក៏អាចចូលរៀនកម្មវិធី TVET ១,៥លាននាក់ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភផងដែរ។

លោករដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនជាសមាជិកសមាគម IDEA កម្មករនិយោជិតក្រៅប្រព័ន្ធ និងភាគីពាក់ព័ន្ធនឹងបន្តខិតខំចូលរួម ចំណែកកាន់តែសកម្មបន្ថែមទៀត ដល់ការរីកចម្រើន នៃសេដ្ឋកិច្ចជាតិ និងអំពាវនាវឱ្យបន្តសហការគ្នា ក្នុងសា្មរតីយោគយល់ខ្ពស់ ជាមួយរាជរដ្ឋាភិបាលក្នុងការបំពេញការងារ ចូលរួមផ្សព្វផ្សាយគោលការណ៍ និងគោលនយោបាយនានាផងដែរ។

លោក វន់ ពៅ ប្រធានសមាគម IDEA និង លោក តាន់ វិសាល តំណាងអង្គការអុកស្វាម (Oxfam) បានកោតសរសើរ ចំពោះគោលនយោបាយ និងយុទ្ធសាស្រ្តជាតិ របស់រាជរដ្ឋាភិបាលសម្រាប់គាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានលើកឡើង ពីតួនាទីដ៏សំខាន់ របស់ពួកគាត់ដែលជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ច» និងពីបញ្ហាប្រឈមដូចជាហានិភ័យសុវត្ថិភាព និងសុខភាពការងារផងដែរ ៕

To Top