រដ្ឋមន្ត្រីមហាផ្ទៃ ដាក់ឱ្យអនុវត្តផែនការ អនុវត្តរយៈពេល ៥ឆ្នាំ នៃកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអនុវត្តរយៈពេល ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ នៅសាលប្រជុំអគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកានៃ គ.ជ.អ.ប. ក្នុងការចូលរួមដឹកនាំ សម្របសម្រួលដំណើរការរៀបចំ និងអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យមានការវិវឌ្ឍ ទៅមុខតាមដំណាក់កាលនីមួយៗ និងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសាធារណជនដែលបានចូលរួមគាំទ្រការអនុវត្តកម្មវិធីកំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការ តាំងពីដំណាក់កាលដំបូងរហូតមកដល់បច្ចុប្បន្ននេះឱ្យសម្រេចបានជោគជ័យជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា សមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលបានបង្កើតឡើងក្នុងរយៈពេលជិត ២០កន្លងមកនេះ ពិតជាមិនអាចសម្រេចបានដោយរលូននោះឡើយ ប្រសិនបើរាជរដ្ឋាភិបាល ពុំបានតម្កល់ឆន្ទៈនយោបាយមុតមាំ និងច្បាស់លាស់ និងប្រសិនបើពុំមានការចូលរួម និងគាំទ្រយ៉ាងសកម្មពីថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសាធារណជន។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដែលមានសារៈសំខាន់យ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងចំណោមកំណែទម្រង់គន្លឹះនានា ដែលត្រូវបានចាត់ទុកជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ អស់រយៈពេល ៤អាណត្តិ កន្លងមក ព្រមទាំងបន្តធ្វើជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តទៀត៕
