ព័ត៌មានជាតិ

៧៥ឆ្នាំ ភូមិភាគស្វយ័ត Xizang ៖ បទពិសោធន៍ភូមិសាស្រ្ត នៃដំបូលពិភពលោកក្លាយជាគំរូ នៃការអភិវឌ្ឍបៃតង និងសុខដុមនីយកម្មជនជាតិ

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ គឺជាឱកាសដ៏មានអត្ថន័យក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសចិន ខណៈដែលភូមិភាគស្វយ័ត Xizang ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ នៃថ្ងៃរំដោះដោយសន្តិភាព ។​ ក្នុងរយៈពេលជាង ៧ទសវត្សរ៍កន្លងមកនេះ Xizang មិនត្រឹមតែសម្រេច បាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានសរសេរប្រវត្តិសាស្ត្រថ្មីមួយនៃ «ការអភិវឌ្ឍបៃតងលើខ្ពង់រាបព្រិល» ដែលក្លាយជាគំរូដ៏លេចធ្លោក្នុងដំណើរឆ្ពោះទៅកាន់ «ទំនើបកម្មសង្គមនិយម តាមបែបផែនចិន»។

ជាការពិត Xizang ដែលត្រូវបានគេស្គាល់ថាជា «ដំបូលពិភពលោក» ធ្លាប់ជាតំបន់ដាច់ស្រយាល និងមានស្ថានភាពជីវភាពលំបាក។ ប៉ុន្តែតាមរយៈការអនុវត្តគោល នយោបាយអភិវឌ្ឍប្រកបដោយចីរភាព និងការវិនិយោគយ៉ាងបន្តបន្ទាប់ពីរដ្ឋាភិបាលមជ្ឈិមចិន តំបន់នេះបានផ្លាស់ប្តូរយ៉ាង គួរឱ្យកត់សម្គាល់។ ក្នុងនាមជាតំបន់ស្នូលនៃការការពារបរិស្ថានអេកូឡូស៊ីលើខ្ពង់រាប Qinghai-Xizang រដ្ឋាភិបាលចិន​បានប្រកាន់ខ្ជាប់គោលការណ៍ «អេកូឡូស៊ីជាអាទិភាព ការការពារជាចម្បង» និងដើរលើមាគ៌ាអភិវឌ្ឍបៃតង ដែលធ្វើឱ្យវិស័យការពារបរិស្ថានសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ។ ឆ្នាំ២០២៥ Xizang បានបង្កើតតំបន់ អភិរក្សធម្មជាតិចំនួន៤៧កន្លែង ដែលមានផ្ទៃក្រឡាសរុប ៤១២,២០០គីឡូម៉ែត្រការ៉េស្មើ នឹង៣៤.៣៥%នៃផ្ទៃដីសរុបរបស់ភូមិភាគ ។ អត្រាគម្របព្រៃឈើបានកើនដល់ ១២.៣១% ខណៈអត្រាគម្របរុក្ខជាតិនៅវាលស្មៅលើស៤៨% និងអត្រាការពារដីសើមឈានដល់ ៦៨.៧៥% ដែលធ្វើឱ្យ Xizang ក្លាយជាតំបន់មួយក្នុងចំណោមតំបន់ ដែលមានគុណភាពបរិស្ថានល្អបំផុតលើពិភពលោក។

ទន្ទឹមនឹងការការពារបរិស្ថាន សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់ Xizang ក៏មានការរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់Xizang បានកើនឡើងពីប្រមាណ១៧៤លានយាន់នៅឆ្នាំ ១៩៥១ ទៅលើស២៧៦ពាន់លានយាន់នៅឆ្នាំ២០២៥។ ជាមួយគ្នានេះ ផ្លូវដែក Qinghai-Xizang បណ្តាញផ្លូវល្បឿនលឿន និងអាកាសយានដ្ឋានស៊ីវិល បានក្លាយជាកម្លាំងចលករសម្រាប់សេដ្ឋកិច្ច ទេសចរណ៍ និងការតភ្ជាប់ តំបន់ខ្ពង់រាបទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។

តាមរយៈការអនុវត្តគោលគំនិត «ទឹកថ្លា និងភ្នំបៃតង គឺជាភ្នំមាស ភ្នំប្រាក់» ប្រព័ន្ធគ្រប់គ្រងអេកូឡូស៊ីរបស់ Xizang ត្រូវបានពង្រឹងជាបន្តបន្ទាប់។ ជាពិសេស ការចូលជាធរមាននៃ «ច្បាប់ស្តីពីការការពារអេកូឡូស៊ីខ្ពង់រាប Qinghai-Xizang» នៅឆ្នាំ២០២៣ បានដាក់មូលដ្ឋានរឹងមាំ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព របស់តំបន់នេះ។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី និងសេដ្ឋកិច្ចក្រោមព្រៃឈើ បានជួយបង្កើនចំណូលរបស់ប្រជាកសិករ និង អ្នកចិញ្ចឹមសត្វជាបន្តបន្ទាប់ ដោយប្រជាជនមិនត្រឹមតែទទួលបានផលប្រយោជន៍ពីបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ ។ ក្នុងន័យនេះ យើងអាចកត់សម្គាល់បានថា ​តម្លៃដ៏ធំបំផុតរបស់ Xizang ស្ថិតនៅលើបរិស្ថានអេកូឡូស៊ី ទំនួលខុសត្រូវដ៏ធំបំផុតក៏ស្ថិតនៅលើបរិស្ថានអេកូឡូស៊ី ហើយសក្តានុពលដ៏ធំបំផុតក៏ពឹងផ្អែកលើបរិស្ថានអេកូឡូស៊ីដូចគ្នា។ ការអនុវត្តការការពារបរិស្ថានអេកូឡូស៊ីរយៈពេលជាច្រើនទសវត្សរ៍របស់Xizang បានធ្វើឱ្យខ្ពង់រាបព្រិលនាពេលបច្ចុប្បន្ន មានមេឃកាន់តែខៀវ ទឹកកាន់តែថ្លា និងភ្នំកាន់តែបៃតង។ នេះមិនត្រឹមតែបានដាក់មូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តទំនើបកម្មតាមបែបផែនចិននៅ Xizang ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ជាគំរូ និងប្រាជ្ញាចិន ដែលពិភពលោកអាចយកទៅសិក្សា និងអនុវត្តបានសម្រាប់តំបន់ត្រជាក់នៅរយៈកម្ពស់ខ្ពស់ផងដែរ។

ជារួមខួបអនុស្សាវរីយ៍៧៥ឆ្នាំ របស់ភូមិភាគស្វយ័ត Xizang មិនត្រឹមជាការរំលឹកពីសមិទ្ធផលអភិវឌ្ឍន៍ក្នុងអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទិសដៅ អនាគតរបស់ចិនក្នុងការបន្តកសាងសង្គមទំនើបដែលមានវិបុលភាព សមធម៌ ស្ថិរភាព និងការអភិវឌ្ឍបៃតង។ ពីខ្ពង់រាបព្រិលដ៏ស្ងប់ស្ងាត់ ទៅជាគំរូនៃការអភិវឌ្ឍប្រកបដោយចីរភាព Xizang កំពុងបង្ហាញឱ្យពិភពលោកឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច ការការពារបរិស្ថាន និងសុខដុមនីយកម្មជនជាតិ អាចដើរទន្ទឹមគ្នាបានយ៉ាងមានតុល្យភាព៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top