សម្ដេចធិបតី ណែនាំក្រុមការងាររាជរដ្ឋាភិបាល បង្កើនភាពសកម្មចុះជួបប្រាស្រ័យ ទាក់ទងជាមួយប្រជាកសិករ និងត្រៀមលក្ខណៈក្នុងការជួយពួកគាត់
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិត ត្រូវបង្កើនភាពសកម្ម ក្នុងការចុះជួបប្រាស្រ័យទាក់ទងជាមួយប្រជាកសិករ និងត្រៀមលក្ខណៈក្នុងការជួយពួកគាត់នៅពេល ដែលមានគ្រោះមហន្តរាយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យជិតដល់ ជាមួយគណៈអភិបាលរាជធានី ខេត្ត ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ក្នុងករណីមានគ្រោះទឹកជំនន់ ក៏ដូចជា ការចាត់វិធានការបន្ទាន់ដោយត្រៀមកម្លាំង មធ្យោបាយ សម្ភារៈចាំបាច់នានា ដើម្បីធ្វើអន្តរាគមន៍សង្គ្រោះទាន់ ពេលតាមការចាំបាច់។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំក្រសួងធនធាន ទឹកនិងឧតុនិយម ត្រូវតាមដានជាប់ជាប្រចាំអំពីការព្យាករណ៍អាកាសធាតុ ជាពិសេសការវិវត្តនៃកម្ពស់ទឹក និងត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងសេដ្ឋកិច្ចនិ ងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្បៀងនិងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវ ជួយស្តារឡើងវិញ៕
