សម្ដេចធិបតី ណែនាំឱ្យពង្រឹងការទប់ស្កាត់ រាល់សកម្មភាពបទល្មើស នេសាទខុសច្បាប់ នៅរដូវត្រីពង
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំពង្រឹងការទប់ស្កាត់រាល់ សកម្មភាពបទល្មើសនេសាទខុសច្បាប់ នៅរដូវត្រីពង ដើម្បីអភិរក្សធនធានធម្មជាតិ និងជលផល។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលជលផល រដ្ឋបាលរាជធានី ខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ត្រូវពង្រឹងការទប់ស្កាត់រាល់សកម្មភាពបទល្មើសនេសាទខុសច្បាប់នៅរដូវ ត្រីពង ស្របតាមគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីអភិរក្សធនធានធម្មជាតិ និងជលផល។
សម្ដេចធិបតី បន្ដថា ទន្ទឹមនេះ ក៏ត្រូវពង្រឹងការផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដើម្បីប្រជានេសាទចូលរួមចំណែកក្នុងការអភិរក្សធនធាន ធម្មជាតិដ៏សំខាន់សម្រាប់ទៅអនាគត។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលរាជធានី ខេត្ត កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យមាន ប្រសិទ្ធភាពខ្ពស់និងត្រូវធ្វើឱ្យដូចភ្លៀងរលឹមដោយចាត់វិធានការឱ្យបានតឹងរឹង ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ៕
