ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់អធិការការងារ

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់អធិការការងារ អធិការសន្តិសុខសង្គម ដែលចូលរួមដោយ ផ្ទាល់នៅទីស្តីការងារក្រសួង និងតាមប្រព័ន្ធ Zoom ពីមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី-ខេត្ត សរុបចំនួនប្រមាណ ៥០០ នាក់ ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោកស្រី សុង ឆវ័ន្ត អនុរដ្ឋលេខាធិការ លោក ណាន់ ចាន់រឿន អនុរដ្ឋលេខាធិការ និង លោកស្រី សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌។

សូមបញ្ជាក់ថា សិក្ខាសាលានេះសហការរៀបចំដោយវិទ្យាស្ថានជាតិការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ដែលមានគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីខ្លឹមសារសំខាន់ៗនៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងលើកកម្ពស់សមត្ថភាពអធិការ ការងារ ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះសកម្មភាពឆបោក ដែលប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធអនឡាញ ដែលអាចប៉ះពាល់ដល់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការការពារសណ្តាប់ធ្នាប់សាធារណៈ។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក​ លឹម ស៊ុយហុង បានគូសបញ្ជាក់ថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គម និងសេដ្ឋកិច្ច សម្រួលដល់ការបំពេញការងារ ឬការផ្តល់សេវាផ្សេងៗ ប៉ុន្តែក៏បានបង្កឱ្យមានហានិភ័យ នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលបំណងទុច្ចរិត ជាពិសេសសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងបណ្តាញសង្គម ដែលតម្រូវឱ្យមន្ត្រីជំនាញពាក់ព័ន្ធមានចំណេះដឹង និងការយល់ដឹងគ្រប់គ្រាន់ក្នុងការ អនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។

លោករដ្ឋលេខាធិការក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ស្តាប់បទបង្ហាញ ចូលរួមពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ ដើម្បីអាចយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារត្រួតពិនិត្យ និងការធ្វើអធិការកិច្ចការងារប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់ជាធរមាន ក៏ដូចជាចូលរួមជាសេនាធិការ រាជរដ្ឋាភិបាលក្នុងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានធ្វើបទបង្ហាញដោយ លោក ណាន់ ចាន់រឿន អនុរដ្ឋលេខាធិការ និង លោកស្រី សុង ឆវ័ន្ត អនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ ជូនដល់អង្គសិក្ខាសាលា ទាំងអស់បានស្វែងយល់កាន់តែស៊ីជម្រៅផងដែរ៕

To Top