DAP News
ព័ត៌មានជាតិ

ក្រសួងការងារមានក្តីរន្ធត់ យ៉ាងក្រៃលែង ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាល ឱ្យបងប្អូនកម្មករ ជាង១០នាក់ស្លាប់ និងរបួសជាង៣០នាក់ “សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអំពាវនាវ ឱ្យគោរពច្បាប់ចរាចរណ៍”

ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ មានក្តីរន្ធត់យ៉ាងក្រៃលែង ចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ចំនួន២ករណី ដែលបានកើតឡើងព្រមគ្នា ដោយបណ្តាលឱ្យបងប្អូនកម្មករ និយោជិតចំនួន១៣នាក់បានស្លាប់ និងជាង៣០នាក់បានរងរបួសធ្ងន់ និងស្រាល ។

អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ករណីទី១ កើតឡើងនៅស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំដោយរថយន្ត ដឹកទំនិញធន់ធំ បានបុករថយន្តដឹកកម្មករ តាមបណ្តោយផ្លូវជាតិលេខ៥ ដែលបណ្តាលឱ្យបងប្អូនកម្មករ៨នាក់បានស្លាប់ និង១០នាក់រងរបួសធ្ងន់ ខណៈដែលបងប្អូនផ្សេងៗទៀតមានរបួសស្រាល។ ដោយឡែកករណីទី២ បានកើតឡើងនៅក្រុងស្វាយរៀង ខេត្តស្វាយរៀងដែលបណ្តាល ឱ្យបងប្អូនកម្មករចំនួន៥ រូបបានស្លាប់ របួសធ្ងន់៥រូប និងរបួសស្រាល១៦រូប ។

លោកស៊ុន មេសាបញ្ជាក់ថា៖ “ក្រសួង និងឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់មានក្តីរន្ធត់និងក្រៀមក្រំបំផុតចំពោះគ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីនេះ។ ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងអាជ្ញាធរមានសមត្ថកិច្ច ដែលនៅកៀកកន្លែងកើតហេតុ បានខិតខំជួយសង្រ្គោះ និងចាត់ចែងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យដែលនៅក្បែរ និងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យកាលើមែត្រ” ។

លោកស៊ុន មេសា ក៏បានអំពាវនាវយ៉ាងទទួច ឱ្យមានការគោរច្បាប់ចរាចរណ៍ ឱ្យបានហ្មត់ចត់ដើម្បីជៀស វាងគ្រោះថ្នាក់ចរាចរណ៍ ដ៏អាក្រក់ដែលធ្លាក់មកលើបង ប្អូនកម្មករនិយោជិតរបស់យើង។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង នឹងចុះរៀបចំបុណ្យសព និងធានារាល់ការចំណាយនៃពិធីបុណ្យសពរបស់បងប្អូនកម្មករ។

ក្រៅពីការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ បងប្អូនដែលជួបគ្រោះថ្នាក់ នឹងទទួលបានអត្ថប្រយោជន៍ស្របទៅ តាមច្បាប់របស់បេឡាជាតិ សន្តិសុខសង្គម ដែលជាការគិតគូយ៉ាងយកចិត្តទុកដាក់។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសាដដែល៕

To Top