អាមេរិក នៅតែបដិសេធមិនទទួលយក ប្រការមួយចំនួននៃ MOU ជាមួយអ៊ីរ៉ង់ ស្ដីពីការបញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅតែបដិសេធមិនទទួលយកប្រការមួយចំនួននៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអ៊ីរ៉ង់ ស្តីពីការបញ្ចប់សង្គ្រាម នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអ៊ីរ៉ង់Tasnim។
ដោយដកស្រង់ព័ត៌មាន ដែលទទួលបានដោយអ្នកយកព័ត៌មានរបស់ខ្លួន Tasnim បានឧ្យដឹងថា ទោះបីជាមានការចរចា មួយចំនួនរវាងភាគីទាំងពីរ កាលពីថ្ងៃអាទិត្យក៏ដោយ សហរដ្ឋអាមេរិក នៅតែរារាំងប្រការមួយចំនួន នៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីសន្តិភាព រួមទាំងការដោះលែងទ្រព្យសម្បត្តិ ដែលត្រូវបានបង្កករបស់អ៊ីរ៉ង់។
ប្រភពបានបន្ថែមថា នៅតែមានលទ្ធភាពដែលអនុស្សរណៈនៃការយោគយល់គ្នានេះនឹងត្រូវបានលុបចោល ហើយអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ខ្លួននឹងមិនដកថយពីបន្ទាត់ក្រហមរបស់ខ្លួនក្នុងការការពារសិទ្ធិរបស់ប្រជាជនរបស់ខ្លួនឡើយ។
នៅថ្ងៃសៅរ៍ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បានប្រាប់ទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងធ្វើការ ដើម្បីបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ចប់សង្គ្រាម។
លោក Baghaei បានសង្កត់ធ្ងន់ថា “នៅដំណាក់កាលនេះ ការផ្តោតអារម្មណ៍របស់យើង គឺលើការបញ្ចប់សង្គ្រាម ដែលបានដាក់ចេញ” ដោយបន្ថែមថា “ចេតនារបស់អ៊ីរ៉ង់ គឺត្រូវយល់ព្រមលើអនុស្សរណៈនៃការយោគយល់គ្នាដែលមាន ១៤ ប្រការជាមុនសិន”។
លោកបានកត់សម្គាល់ថា «ក្នុងរយៈពេលពី ៣០ ទៅ ៦០ ថ្ងៃ» ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងឈានដល់កិច្ចព្រមព្រៀងចុងក្រោយមួយ ដោយថា «ក្នុងចំណោមប្រធានបទសំខាន់ៗ ដែលត្រូវដោះស្រាយ នៅក្នុង អនុស្សរណៈនៃការយោគយល់គ្នានេះ គឺការបញ្ឈប់ការវាយប្រហារ តាមសមុទ្ររបស់ សហរដ្ឋអាមេរិក ឬការបិទផ្លូវកង ទ័ពជើងទឹក ដូចដែលពួកគេហៅវា និងបញ្ហាផ្សេងទៀតដែលទាក់ទង នឹងការដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់អ៊ីរ៉ង់»។
អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់បទឈប់បាញ់គ្នានៅថ្ងៃទី ៨ ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ៤០ ថ្ងៃ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ៕
ប្រែសម្រួល ឈូក បូរ៉ា
