សហរដ្ឋអាមេរិក បញ្ជាក់ពីការត្រៀមខ្លួន សម្រាប់កិច្ចចរចានុយក្លេអ៊ែរ ប្រសិនបើអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូស
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio បានឧ្យដឹងថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួច ជាស្រេចដើម្បីចូលទៅក្នុង “កិច្ចចរចា” អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The New York Times។
របាយការណ៍បានឧ្យដឹងថា ការកត់សម្គាល់នេះបានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងចាត់វិធានការជាដំណាក់កាល ហើយទទួលយកកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលមិនបានដោះស្រាយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ភ្លាមៗនោះទេ។
លោក Rubio បានប្រាប់កាសែតនេះ នៅក្នុងបទសម្ភាសន៍ខ្លីមួយក្នុងអំឡុង ពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងញូវដេលីថា “អ្នកមិនអាចធ្វើរឿងនុយក្លេអ៊ែរក្នុងរយៈពេល ៧២ម៉ោង បាននោះទេ”។
លោក Rubio បានេីកឡេីងថា “ច្រកសមុទ្រ ត្រូវតែបើកឡើងវិញភ្លាមៗ ហើយបន្ទាប់មកយើង នឹងចូលទៅក្នុងការចរចា ដ៏ធ្ងន់ធ្ងរអំពីការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ដែលមានកម្រិតខ្ពស់ និងការសន្យារបស់ពួកគេថា នឹងមិនដែលមានអាវុធ នុយក្លេអ៊ែរឡើយ”។
លោកបានបន្ថែមថា «វាមិនអាចចំណាយ ពេលច្រើនឆ្នាំទេ ប៉ុន្តែវានឹងត្រូវការពេលវេលាខ្លះ ដើម្បីដោះស្រាយបញ្ហា បច្ចេកទេសទាំងនោះ»។ រដ្ឋមន្ត្រីការបរទេសរូបនេះបានណែនាំថា សហរដ្ឋអាមេរិក អាចបន្តការគំរាមកំហែងរបស់ខ្លួន ដើម្បីវាយប្រហារអ៊ីរ៉ង់ ប្រសិនបើការចរចា មិនទទួលបានផ្លែផ្កាក្នុងរយៈពេលពីរខែ៕
ប្រែសម្រួល ឈូក បូរ៉ា
