លោក កឹម សុខា បានមកជួបម្តាយ ជាលើកទី២
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ឧសភា នេះគឺជាលើកទី២ ហើយដែលលោក កឹម សុខាត្រូវបានអាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាត ឱ្យមកជួបម្តាយដែលកំពុងឈឺធ្ងន់នៅផ្ទះក្នុងបុរីមួយកន្លែង នៅរាជធានីភ្នំពេញ ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ផែង ហេង មេធាវីការពារក្តីលោក កឹម សុខា បានលើកឡើងថា លោក កឹម សុខា និងភរិយាឈ្មោះ តែ ច័ន្ទមនោ បានមកជួបម្តងទៀតហើយ ។ លោកថា នេះគឺជាលើកទី២ ដែលលោក កឹម សុខា បានមកជួបលោកយាយ សៅ ង៉ែត ព្រះជន្ម ១០១ឆ្នាំដែលត្រូវជាម្តាយបង្កើត។

បើតាមមេធាវីការពារក្តីរូបនេះ ពិតជាឆុតជាងឱសថ ក្រោយមានការលើកទឹកចិត្តពីកូនសំណព្វចិត្តគឺលោក កឹម សុខា ដែលគាត់ទន្ទឹងរង់ចាំ ឥឡូវសភាពសុខភាពលោកយាយដូចជាមានការវិវឌ្ឍន៍ធូរស្រាល អាចបើកភ្នែកមើលកូនៗ និងមានទឹកមុខស្រស់ស្រាយខុសពីថ្ងៃមុនឆ្ងាយ នឹងស្មានមិនដល់ ពិតជាអច្ឆរិយៈមែនកម្លាំងចិត្តចង់ជួបកូន៕
