ព័ត៌មានជាតិ

ប្រមុខរដ្ឋស្ដីទីកម្ពុជា ប្រកាសឱ្យប្រើច្បាប់ កាតព្វកិច្ចយោធា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជាបានប្រកាសឱ្យប្រើច្បាប់ ស្ដីពី កាតព្វកិច្ចយោធា ។

ព្រះរាជក្រមចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រកាសឱ្យប្រើច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះ ទាំងស្រុងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥ ។

បើតាមព្រះរាជក្រម ច្បាប់នេះ កំណត់អំពីវិធាន នៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់និងជាកិត្តិយសដ៏ឧត្តុង្គឧត្តម របស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃ ប្រភពកសាងកម្លាំង សម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការ របស់ប្រទេសជាតិ។

ច្បាប់នេះមានវិសាលភាពអនុវត្ត ចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ ។ ការបំពេញកាតព្វកិច្ចយោធា របស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែក តាមគោលការណ៍ស្ម័គ្រចិត្ត ។
សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិច្រើន ហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ច យោធាក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខណសម្បត្តិ ដូចយោធិនអាជីព ដូចមានចែងក្នុងច្បាប់ ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ។

ព្រះរាជក្រមបន្ថែមថា ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់ កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ខែ តាមការកំណត់របស់ រាជរដ្ឋាភិបាល ។ ចំនួនប្រជាពលរដ្ឋនិងលក្ខខណ្ឌទាំងឡាយក្នុងការចូលបំពេញកាតព្វកិច្ចយោធា សម្រាប់វគ្គនីមួយៗ រៀងរាល់ឆ្នាំ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ៕

To Top