ព័ត៌មានជាតិ

បច្ចុប្បន្នភាព គ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និង​ស្វាយ​រៀង ៖ ក្រសួងការងារថា អ្នកសះ​ស្បើយ​ត្រ​ឡ​ប់​​ទៅផ្ទះវិញ ៥២នាក់ ខណៈដែល​លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបន្ត ចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ គិតត្រឹមម៉ោ​ង ៥ល្ងាច ​ថ្ងៃទី២៥​ ខែឧស​ភា ឆ្នាំ​២០២៦​នេះ បងប្អូន​កម្មក​រចំនួន ៥២​នាក់ បានសះស្បើយ និង​វិល​​ត្រឡប់​​ទៅ​ផ្ទះវិញ ខណៈដែល​អ្នករង​របួស​ទាំ​ងធ្ងន់ និង​ស្រាលដែលកំពុង​សម្រាកព្យាបាល ​មានសភាព​ល្អ​ប្រ​សើ​រ​ឡើងជារួម ។ នេះតាមលោក ស៊ុន មេសា អ្នក​នាំ​ពាក្យ​ក្រសួ​ងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោក ស៊ុន​ មេសា បានលម្អិតថា សម្រាប់​ករណី​នៅ​ខេត្ត​កំពង់​ឆ្នាំង បងប្អូនកម្មករ​ដែលបាន​ត្រឡប់​ទៅគេហ​ដ្ឋាន​វិញចំនួន ៤៥នាក់ ខណៈដែលអ្នករបួសធ្ងន់ចំនួន ៩នាក់ និង​អ្នក​របួសស្រាលចំនួន ១៧នាក់ ដោយ​បន្តស​ម្រា​ក​ព្យា​បា​ល​នៅ​មន្ទី​រពេទ្យ។​ ដោយឡែកករណីខេត្តស្វាយរៀង បងប្អូនកម្មករដែលត្រឡប់ទៅគេហដ្ឋានវិញមាន ៧នាក់ ខណៈដែលអ្នករងរបួសធ្ងន់ ៣នាក់ ក្នុង​នោះម្នាក់​ត្រូវ​បាន​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​វៀតណាម ហើយអ្នក​រង​របួស​ស្រាល ២៧នាក់​ និងបន្ត​សម្រាក​ព្យា​បា​ល​​នៅ​មន្ទី​រពេទ្យ​។

បើតាមអ្នកនាំពាក្យដដែលរូបនេះ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី ហេង សួរ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ​ក្រោម​ឱវាទ​នៅ​តែ​បន្ត​សម្របសម្រួល ចុះពិនិត្យ និងចុះសួរសុខទុក្ខ ហើយ​ជួយយកអាសានៅតាម​មន្ទីរ​ពេទ្យ​នា​នា។

ក្នុងពេលចុះសួរសុខទុក្ខ និងពិនិត្យ​នៅតាម​មន្ទីរពេ​ទ្យ​ជាតិ​ក្នុង​រាជធានីភ្នំពេញ លោករដ្ឋ​មន្ត្រី ហេង សួរ បា​ន​ពាំ​នាំ​ការ​ផ្តាំ​ផ្ញើរ​សួរ​សុខ​ទុក្ខ​របស់​សម្តេច​ធិបតី​នាយក​រដ្ឋ​​មន្ត្រី និងលោក​ជំទាវ​ជូនទៅ​កាន់​ក្រុមគ្រួសារ និង​​បង​ប្អូន​​កម្មករ​ដែលកំពុង​សម្រាក​ព្យាបាល​ដែល​លោក​ទាំងទ្វេ តែងតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បងប្អូន​កម្មករ​ជាប្រចាំ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែល​​បាន​កើត​ឡើង​ព្រមគ្នា​នៅព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៦ នៅខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ស្វាយ​រៀង​នេះ បណ្តា​ល​​ឱ្យបង​ប្អូនក​ម្មករនិ​យោជិត ១៤នាក់​បាន​បាត់បង់​ជីវិត និង​​ប្រមាណ ១០០នាក់​ផ្សេង​ទៀត បាន​រងរបួស​ធ្ងន់ និង​​ស្រាល៕

To Top