ព័ត៌មានជាតិ

ការប្រយុទ្ធប្រឆាំង Online Scams ជាឆន្ទៈយ៉ាងមោះមុតបំផុត របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) គឺជាឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលមានឆន្ទៈដ៏មោះមុត អមដោយវិធានការម៉ឺងម៉ាត់ និងក្របខ័ណ្ឌគតិយុត្តដ៏ច្បាស់លាស់ ក្នុងការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

លោកថា “ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល ពោលគឺទាំងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សុទ្ធតែបានបង្ហាញការតាំងចិត្តខ្ពស់បំផុត និងវិធានការម៉ឺងម៉ាត់បំផុតប្រឆាំង Online Scams ដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ល្អប្រពៃរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាលុបបំបាត់ក្តីបារម្ភនានារបស់វិនិយោគិននិងអ្នកទេសចរបរទេស” ។

លោកសង្កត់ធ្ងន់ថា ដូច្នេះ គ្មានឧបសគ្គអ្វីអាចមករារាំងប្រតិបត្តិការរបស់រាជរដ្ឋាភិបាល និងឆន្ទៈដ៏មុតស្រួចរបស់ថ្នាក់ដឹកនាំកម្ពុជាបានឡើយ ។

ជាក់ស្តែង បើតាមអ្នកនាំពាក្យ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចាត់ទុកការបោសសំអាតក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថា ជាកិច្ចការចាំបាច់ដែលត្រូវបន្តធ្វើរហូតទាល់តែអស់ជាដាច់ខាត ពីព្រោះក្រុមនេះបានមកសម្ងំលាក់ខ្លួនក្នុងប្រទេសកម្ពុជា និងបានបំផ្លាញមុខមាត់ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ។ ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ម្តងទៀតដល់អាជ្ញាធរ មូលដ្ឋានអំពីការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យទាល់តែអស់ពីកម្ពុជា ដោយមិនបង្អង់ដៃនិងមិនលើកលែងឡើយ៕

To Top