ព័ត៌មានអន្តរជាតិ

យន្តហោះ Osprey ២គ្រឿង របស់សហរដ្ឋអាមេរិក ហោះពីលើរដ្ឋធានីប្រទេស វេណេស៊ុយអេឡា 

បរទេស៖ កាលពីថ្ងៃសៅរ៍ យោធាសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធមួយនៅក្នុងរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡា ដែលជាការហាត់សមអំពីភាព អាសន្នដែលអាចកើតមាន និងការជម្លៀស ចេញនៅស្ថានទូតរបស់ខ្លួន។
 
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ថា សមយុទ្ធនេះ ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរវេណេស៊ុយអេឡា គឺជាសមយុទ្ធយោធាលើកដំបូងរបស់សហរដ្ឋអាមេរិកដែលបានធ្វើឡើងនៅក្នុងប្រទេសនេះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចាប់ខ្លួនប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា។
 
សមយុទ្ធនេះពាក់ព័ន្ធនឹងយន្តហោះ USMC MV-22B Osprey ចំនួនពីរគ្រឿង ដែលបានចុះចតនៅជិតស្ថានទូតអាមេរិក ក៏ដូចជានាវាកងទ័ពជើងទឹក ដែលបានចូលទៅក្នុងដែនទឹកវេណេស៊ុយអេឡា នៅក្នុងតំបន់ការ៉ាប៊ីន។
 
បេសកកម្មរបស់សហរដ្ឋអាមេរិកនេះ បានចែករំលែកវីដេអូនៃការចុះចតរបស់យន្តហោះនៅជិតបរិវេណ ដោយបញ្ជាក់ថា សមយុទ្ធនេះគឺជា “សមយុទ្ធឆ្លើយតបយោធា”។
 
ស្ថានទូតបាននិយាយថា “ការធានាសមត្ថភាពឆ្លើយតបរហ័សរបស់កងទ័ព គឺជាសមាសធាតុសំខាន់នៃការត្រៀមខ្លួនសម្រាប់បេសកកម្ម ទាំងនៅទីនេះក្នុងប្រទេសវេណេស៊ុយអេឡា និងជុំវិញពិភពលោក”។
ប្រែសម្រួលៈ ណៃ តុលា 

To Top