ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ដាក់ចេញផែនការ បន្តនិរន្តរភាពយុទ្ធនាការ បោសសម្អាត Online Scams ដើម្បីលុបបំបាត់ទាំងស្រុង នូវបទល្មើសនេះ

កណ្ដាល ៖ ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាត Online Scams នេះ ក្នុងគោលដៅរួមចំណែកធ្វើឱ្យសម្រេចបាន ក្នុងការលុបបំបាត់ទាំងស្រុង នូវបទល្មើសនេះពីកម្ពុជា។

នេះជាការលើកឡើង របស់ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញ ជាអធិបតីផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការ បោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខេត្តកណ្តាល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តជា នយោបាយដោយសម្រួចឆន្ទៈក្នុងការបោសសម្អាត ឱ្យអស់ពីកម្ពុជា ដោយបានដាក់ ចេញនូវវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ពិសេសការអនុវត្តបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្តារមុខមាត់កិត្តិយសកម្ពុជាឡើងវិញ។

លោក រដ្ឋលេខាធិការប្រចាំការ បានបន្ថែមថា ជារួមកិច្ចប្រតិបត្តិការបង្ក្រាប ដំណាក់កាលដំបូង បានកាត់បន្ថយបទល្មើស នៅតាមបណ្តាទីតាំងធំៗ បានធ្វើឱ្យបរិយាកាសសន្តិសុខមានភាពល្អប្រសើរឡើងវិញ។ ប៉ុន្តែក្រុមឧក្រិដ្ឋជន បានផ្លាស់ប្តូរល្បិចកល និងរូបភាពដោយបំបែកខ្លួន ជាក្រុមតូចៗសម្ងំធ្វើសកម្មភាព ក្នុងសហគមន៍ ដែលទាមទារឱ្យមានការបន្តនិរន្តរភាព នៃកិច្ចប្រតិបត្តិការបោសសម្អាតនេះឱ្យកាន់តែសកម្ម និងហ្មត់ចត់បំផុត ដើម្បីបំបាត់ឱ្យដល់ប្ញសគល់។

លោក រដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា «ហេតុនេះ ក្រសួងមហាផ្ទៃ បានដាក់ចេញផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ បោសសម្អាត Online Scams នេះក្នុងគោលដៅរួមចំណែក ធ្វើឱ្យសម្រេចក្នុង ការលុបបំបាត់ទាំងស្រុង បទល្មើសនេះ ពីព្រះរាជាណាចក្រកម្ពុជា» ៕

To Top