សិក្ខាសាលា ពិគ្រោះយោបល់ស្ដីពី «ការសិក្សាតាមដាន វឌ្ឍនភាពរបស់សិស្ស និងសហរចនា លើដំណើរការសិក្សា» ដើម្បីពង្រឹងគុណភាព TVET
ភ្នំពេញ ៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខា សាលាពិគ្រោះយោបល់ស្ដីពី «ការសិក្សាតាមដានវឌ្ឍនភាពរបស់សិស្ស និងសហរចនា លើដំណើរការសិក្សា» ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥ លាននាក់ ដោយប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នាសណ្ឋាគារ Fairfield by Marriott Phnom Penh ដោយមានការអញ្ជើញចូលរួមពីតំណាងស្ថាប័ន និងភាគីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនេះ លោកបណ្ឌិត រដ្ឋលេខាធិការ បានថ្លែងថា សិក្ខាសាលាពិគ្រោះយោបល់រយៈពេល ៤ ថ្ងៃនេះផ្ដោតលើគោលបំណងសំខាន់ៗចំនួន ៤ រួមមាន ទី១. បង្កើតការយល់ដឹងរួមគ្នាក្រោមក្របខ័ណ្ឌវិភាគ និងសូចនាករសំខាន់ៗនៃការសិក្សាតាមដាន ទី២. ពិនិត្យ និងវាយតម្លៃប្រព័ន្ធទិន្នន័យរដ្ឋបាលដែលមានស្រាប់ ដើម្បីកំណត់ឱកាសសម្រាប់ កិច្ចអន្តរប្រតិបត្តិការ ទី៣. ពង្រឹងកិច្ចសម្របសម្រួល និងកំណត់តួនាទីទទួល ខុសត្រូវឱ្យបានច្បាស់លាស់ រវាងស្ថាប័នពាក់ព័ន្ធ និងទី៤. ឯកភាពលើវិធីសាស្ត្ររួម រាប់ចាប់ពីការជ្រើសរើស ក្រុមគោលដៅ រហូតដល់ការរៀបចំផែនការសកម្មភាព សម្រាប់ការអនុវត្តនៅ តាមបណ្ដាវិទ្យាស្ថាននានា។

លោកបណ្ឌិតបានបញ្ជាក់ថាសិក្ខាសាលានេះក៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់របៀបវារៈនៃការអភិវឌ្ឍជំនាញនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងផ្ដល់អាទិភាពខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់ផលិតភាពកម្លាំងពលកម្ម ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ការសិក្សាតាមដាន មិនមែនជាសកម្មភាពដាច់ដោយឡែកនោះឡើយ ប៉ុន្តែវាជាឧបករណ៍យុទ្ធសាស្ត្រ ដ៏សំខាន់សម្រាប់ការកែលម្អ ប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទាំងមូល ដើម្បីផ្លាស់ប្ដូរការគ្រប់គ្រងពីការសន្មត ទៅជាការសម្រេចចិត្ត ដែលផ្អែកលើភស្ដុតាងជាក់ស្ដែង។ បន្ថែមពីនេះ គោលដៅចុងក្រោយ គឺការធានា ឱ្យគ្រប់គ្រឹះស្ថាន TVET ទាំងអស់ អាចអនុវត្តការសិក្សាតាមដាននេះ ជាមុខងារស្ថាប័នជាប្រចាំ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ទៅនឹងតម្រូវការទីផ្សារការងារ និងពង្រឹងកិច្ចការអប់រំប្រកបដោយនិរន្តរភាព។

លោកបណ្ឌិត គួច សុមាន បានសម្ដែងនូវក្ដីសង្ឃឹម យ៉ាងមុតមាំថា អង្គសិក្ខាសាលាទាំងមូលនឹង ពិភាក្សាគ្នា រហូតទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធាន មនុស្សរបស់កម្ពុជា ឱ្យកាន់តែមានសក្ដានុពល និងប្រសិទ្ធភាពខ្ពស់នាពេលអនាគត៕





