រដ្ឋបាលខេត្តរតនគិរី ៖ ពុំមានវត្តមាន នៃបទល្មើសការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តទេ
ភ្នំពេញ ៖ រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចជំនាញ បានឆែកឆេរត្រួតពិនិត្យ (ទីតាំង សម្ភារ និងមនុស្ស) ពុំមានវត្តមាននៃបទល្មើសការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តរតនគិរីទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៥ ឧសភា ថា ចាប់តាំងពីទទួល បានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដី និងសមត្ថកិច្ច ជំនាញគ្រប់ជាន់ថ្នាក់ បានធ្វើរដ្ឋបាលចំហរ នៅតាមបណ្តាទីតាំងដែលមានការសង្ស័យថា អាចកើតមានបទល្មើស ការឆបោកតាមប្រព័ន្ធបចកចេកវិទ្យា ជាលទ្ធផលជាក់ស្តែង នាពេលកន្លងមកឃើញថា៖ ខេត្តរតនគិរី ពុំមានវត្តមានបទល្មើស កើតឡើងទេ។
ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រដ្ឋបាលខេត្ត នៅតែបន្តខិតខំប្រឹងប្រែងរឹតបន្តឹងបន្ថែមទៀត ដើម្បីធានាថា បទល្មើស ពិតជាមិនអាចកើតមានឡើងជាដាច់ខាត រួមទាំងបទល្មើសឆ្លងកាត់ផងដែរ។
ក្នុងរយៈពេល ០២ថ្ងៃចុងក្រោយនេះ ក្រោមបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដាក់បទបញ្ជាតឹងរ៉ឹង ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ទាំង៩ ដើម្បីចុះប្រតិបត្តិការ ទ្រង់ទ្រាយធំឆែកឆេរ ត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរនៅតាមបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់ នៅប្រមូលផ្តុំ ក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៩ ដោយប្រើប្រាស់កម្លាំង សរុបមធ្យោបាយសរុប និងធនធានសរុប ជាលទ្ធផល ចាប់ពីថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០២៦ ទទួលបានដូចជា
១. បានប្រើប្រាស់កម្លាំងចម្រុះ សរុបចំនួន ៣១៤ នាក់។
២. បានចុះត្រួតពិនិត្យទីតាំង សរុបចំនួន ១២៤ ទីតាំង។
៣. បានត្រួតពិនិត្យជនបរទេស សរុបចំនួន ៦៦១ នាក់ (ស្រី ១៤ នាក់) ក្នុងនោះរួមមាន៖ ជន ជាតិចិន ជនជាតិវៀតណាម ជនជាតិកូរ៉េខាងត្បូង ជនជាតិឥណ្ឌា និងជនជាតិម៉ាឡេស៊ី។
៤. បន្ទាប់ពីសមត្ថកិច្ចជំនាញបានឆែកឆេរ ត្រួតពិនិត្យ(ទីតាំង សម្ភារៈ និងមនុស្ស) ក្រោមការសម្របសម្រួល នីតិវីច្បាប់ពីតំណាងអយ្យការ អមសាលាដំបូងខេត្តរតនគិរី រួចមកឃើញថា «ពុំមានវត្តមាននៃបទល្មើស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីទេ»។
កិច្ចសហប្រតិបត្តិការនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៩ នឹងបន្តចុះជាប់ជាប្រចាំដូចភ្លៀងរលឹម ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋរស់នៅក្នុង ខេត្តរតនគិរី ចូលរួមសហការ ជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ក្នុងការផ្តល់ព័ត៌មានអំពីកន្លែងដែលសង្ស័យថា អាច មានការលាក់ខ្លួនរបស់ក្រុមឧក្រឹដ្ឋជនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួន ជនទាំងនោះយកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន៕
