រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំ នៃគណៈកម្មការជាតិ ផ្តល់យោបល់ លើការដកសញ្ជាតិខ្មែរ ពីកំណើត
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការជាតិផ្តល់យោបល់លើការដកសញ្ជាតិខ្មែរពីកំណើត ហៅកាត់ថា គ.ជ.ដ.ខ. នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ.ជ.ដ.ខ. គឺជាយន្តការដ៏មានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើង ដើម្បីពិនិត្យ ស្រាវជ្រាវ វាយតម្លៃ និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការដកសញ្ជាតិខ្មែរពីកំណើត ក្នុងករណីបុគ្គលនោះបានប្រព្រឹត្តល្មើសនឹងច្បាប់ ជាពិសេសដូចមានចែងក្នុងមាត្រា ៤០ នៃអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីសញ្ជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ បទបញ្ជាផ្ទៃក្នុង សម្រាប់កំណត់ទិសដៅ បែបបទ និងនីតិវិធីនៃការងាររបស់ គ.ជ.ដ.ខ. ឱ្យមានភាពច្បាស់លាស់ ដោយបទបញ្ជានេះ នឹងក្លាយជាត្រីវិស័យដ៏សំខាន់សម្រាប់សមាជិកគ្រប់រូប ក្នុងការអនុវត្តតួនាទីប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងការទទួលខុសត្រូវខ្ពស់។

បើតាមប្រមុខក្រសួងមហាផ្ទៃ តាមរយៈការចូលរួមប្រកបដោយស្មារតីឯកភាព សាមគ្គីភាព និងកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ យន្តការអនុវត្តការងារនេះ នឹងអាចសម្រេចបានលទ្ធផលល្អប្រសើរ ស្របតាមគោលបំណង និងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលគ្រប់នីតិកាល តែប្រកាន់ខ្ជាប់ គោលការណ៍នីតិរដ្ឋ ការរក្សាសន្តិសុខជាតិ និងថែរក្សាផលប្រយោជន៍ជាតិជាអតិបរមា ហើយសម្រាប់យន្តការថ្មីនេះទៀត គឺដើម្បីរួមចំណែកធានាបាននូវភាពសុក្រឹត យុត្តិធម៌ និងការគោរពច្បាប់ជាធរមាន ក្នុងដំណើរការនៃការដកសញ្ជាតិខ្មែរពីកំណើត សំដៅលើកកម្ពស់តម្លៃ និងកិត្យានុភាពនៃសញ្ជាតិខ្មែរឱ្យកាន់តែមានភាពរឹងមាំ៕

