មេសិទ្ធមនុស្សកម្ពុជា លើកទឹកចិត្តដល់យុវជនឱ្យចូលរួមបំពេញកាតព្វកិច្ចយោធា បានពេញលេញ
បាត់ដំបង ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមបំពេញកាតព្វកិច្ចយោធាឱ្យបានពេញលេញ ដោយចាត់ទុកថា «នេះជាឱកាសក្នុងការរួមចំណែកក្នុងការការពារបូរណភាពទឹកដី»។

ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានចេញព្រះរាជក្រមដាក់ឲ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»។
ក្នុងពិធីបើកសិក្ខាសាលា «ផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)» នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកទេសរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមបំពេញកាតព្វកិច្ចយោធាឱ្យបានពេញលេញ ដោយចាត់ទុកថានេះជាឱកាសក្នុងការរួមចំណែកក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាដើម្បីពង្រឹងសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ហើយត្រូវចៀសវាងជឿតាមការឃោសនាអកុសលណាមួយក្នុងចេតនាបន្ទច់បន្អាក់ការពង្រឹងខឿនការពារជាតិរបស់កម្ពុជាពីសំណាក់បច្ចាមិត្ត។

លោកទេសរដ្ឋមន្រ្តីបានស្នើឱ្យបន្ដជឿជាក់និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយរាល់បញ្ហា ព្រមទាំងត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលក្នុងការការពារនិងកសាងជាតិឱ្យរីកចម្រើនជាលំដាប់។
ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងដាក់ពាក្យបណ្តឹងទៅកាន់យន្តការសិទ្ធិមនុស្សតំបន់ និងអន្តរជាតិចំនួន ៦០ច្បាប់ ព្រមទាំងការបំពេញបេសកកម្មសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីខែមីនា ឆ្នាំ២០២៦ ផងដែរ។
ទន្ទឹមនេះ លោកទេសរដ្ឋមន្រ្តី ក៏បានបន្ថែមថា ថ្នាក់ដឹកនាំកម្ពុជា ទាំង សម្ដេចតេជោ និងសម្ដេចធិបតី បានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះអាយុជីវិត សុខសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប តាមរយៈប្រកាន់យកការអត់ធ្មត់ជាអតិបរមា និងជម្រើសនៃការដោះស្រាយបញ្ហាដោយសន្ដិវិធី និងផ្អែកលើច្បាប់អន្តរជាតិ៕
