លោក ដូណាល់ ត្រាំ គំរាមវាយប្រហារអ៊ីរ៉ង់ជាថ្មី ហើយខ្លាំងជាង ពេលណាៗទាំងអស់
វ៉ាស៊ីនតោន៖ អាមេរិកបានវាយប្រហារទីតាំងបាញ់មីស៊ីល និងទូកដាក់មីននៅភាគខាងត្បូងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីបញ្ជាការ កណ្តាលសហរដ្ឋអាមេរិក។ លោក Tim Hawkins អ្នកនាំពាក្យទីបញ្ជាការ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារ ការពារខ្លួននៅភាគខាងត្បូងអ៊ីរ៉ង់ នៅថ្ងៃនេះ ដើម្បីការពារកងទ័ព របស់យើងពីការគំរាមកំហែង ដែលបង្កឡើង ដោយកងកម្លាំងអ៊ីរ៉ង់”។
លោកបានលើកឡើងថា “គោលដៅរួមមានទីតាំងបាញ់មីស៊ីល និងទូកអ៊ីរ៉ង់ ដែលព្យាយាមដាក់មីន។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បន្តការពារកងកម្លាំងរបស់យើង ខណៈពេលដែលប្រើប្រាស់ ការអត់ធ្មត់ក្នុងអំឡុងពេលបទឈប់បាញ់ ដែលកំពុងបន្ត”។ ការវាយប្រហារទាំងនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់ Bandar Abbas ដែលជាទីតាំងមូលដ្ឋានកងទ័ពជើងទឹកសំខាន់របស់អ៊ីរ៉ង់ ដោយបំផ្លាញនាវាពីរគ្រឿងរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងវាយប្រហារទីតាំងមីស៊ីលបាញ់ពីលើអាកាសមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars ដោយដកស្រង់ប្រភពទូរទស្សន៍រដ្ឋអ៊ីរ៉ង់។
សារព័ត៌មាន Fox News បានរាយការណ៍ថា ទូកអ៊ីរ៉ង់ពីរគ្រឿងត្រូវបានគេប្រទះឃើញដាក់មីននៅក្នុងច្រកសមុទ្រហ័រមូស ហើយទីតាំងមីស៊ីលមួយបានកំណត់គោលដៅយន្តហោះចម្បាំងអាមេរិក។ ជាការឆ្លើយតប កងកម្លាំងអាមេរិក បានធ្វើការវាយប្រហារ “ការពារខ្លួន”។ របាយការណ៍នេះ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់កាលពីថ្ងៃចន្ទ បានឲ្យដឹងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក “បានចប់ហើយ សម្រាប់ពេលនេះ”។
ប្រភពពីរត្រូវបានដកស្រង់សម្តីថា ការវាយប្រហារ ទាំងនេះមិនបង្ហាញថា បទឈប់បាញ់រយៈពេលជាច្រើន សប្តាហ៍របស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់បានចប់ហើយនោះទេ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា ការចរចាជាមួយអ៊ីរ៉ង់ “កំពុងដំណើរ ការទៅដោយរលូន” ប៉ុន្តែបានព្រមានថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តការវាយប្រហារ យោធាឡើងវិញ ប្រសិនបើការចរចាបរាជ័យ ដោយការវាយប្រហារនាពេលអនាគតណាមួយនឹង “ធំជាង និងខ្លាំងជាងពេលណាៗទាំងអស់”៕
